សម្តេចធិប​តី​៖ទោះបីប្រើពេលច្រើនយ៉ា​ងណា​ក៏ដោយ​បេសកកម្មរុករកឧទ្ធម្ភាគ​ចក្រក្រោយបាត់​​ការទាក់ទងត្រូវ​តែ​បន្ត

អស់រយៈពេល១២ថ្ងៃមកហើយដែលឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទហោះហើរដោយអាកាសយានិកចំនួន២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ទោះបីប្រឈមនឹងការលំបាកឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខរហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប។មរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេប៊ុកសម្តេចធិបតី នាព្រឹកថ្ងៃទី២៣ ខែកក្កដានេះ « អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទងដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទនិងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះកងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច។ខ្ញុំសូមយកឱកាសនេះធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ, ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករកទាំងអស់ ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ។ខ្ញុំក៏សូមអរគុណចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ ។ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខរហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ។ខ្ញុំសូមជូនពរដល់ក្រុមប្រតិបត្តិការរុករកទាំងអស់ សូមសមប្រកបតែនឹងសេចក្តីសុខសុវត្ថិភាពក្នុងការបំពេញបេសកកម្មដ៏សំខាន់មួយនេះហើយសង្ឃឹមយ៉ាងមុខមាំថាយើងនឹងអាចរកឃើញបងប្អូនអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ៕






Powered by Blogger.