រដ្ឋាភិបាលថៃបានប្រកាសថាប្រទេសនេះនឹងដាក់ពាក្យចូលរួមជាមួយក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឈានមុខគេក្នុងពិភពលោក(BRICS) នាពេលខាងមុខ។
 |
|
យោងតាមទីភ្នាក់ងារសារព័ត៌មានRTនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៨ឧសភា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បាននិយាយថាគណៈរដ្ឋមន្ត្រីនៅទីក្រុងបាងកក បានយល់ព្រមលើខ្លឹមសារនៃលិខិតផ្លូវការដែលបានផ្ញើទៅBRICS ដែលបង្ហាញពីចេតនារបស់ខ្លួនក្នុងការចូលរួមក្នុងក្រុមនេះ។យោងតាមលោកChaiលិខិតនោះបាននិយាយថាប្រទេសថៃយល់ពីសារៈសំខាន់នៃពិភពលោកពហុប៉ូលនិងការកើនឡើងនូវតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងកិច្ចការអន្តរជាតិ។លិខិតនោះបានសង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់ប្រទេសថៃសម្រាប់អនាគតគឺស្របនឹងគោលការណ៍របស់ BRICSហើយថាការចូលរួមក្នុងក្រុមនេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ទីក្រុងបាងកកក្នុងទិដ្ឋភាពជាច្រើនដូចជាការពង្រឹងជំហររបស់ខ្លួននៅលើឆាកអន្តរជាតិនិងបង្កើតឱកាសដើម្បីចូលរួមក្នុងការកែទម្រង់ថ្មី លំដាប់ពិភពលោក។កាលពីមុន BRICS បានអញ្ជើញប្រទេសដែលមិនមែនជាសមាជិកដែលមានបំណងចង់ចូលរួមជាមួយក្រុមដើម្បីចូលរួមកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើងនៅចុងខែតុលានៅទីក្រុង Kazan ប្រទេសរុស្ស៊ី។យោងតាមលោក Chai ការចូលរួមព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសមួយសម្រាប់ប្រទេសថៃក្នុងការពន្លឿនដំណើរការដាក់ពាក្យសុំចូលរួមជាមួយក្រុមBRICS ។ប្រទេសសមាជិកដើមនៃ BRICS រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ កាលពីដើមឆ្នាំនេះ BRICS បានបន្ថែមអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម (UAE)។ បច្ចុប្បន្នមានប្រទេសចំនួន១៥ ផ្សេងទៀតដែលចាប់អារម្មណ៍ក្នុងការចូលរួមជាមួយ BRICS រួមមាន បារ៉ែន បេឡារុស្ស គុយបា កាហ្សាក់ស្ថាន ប៉ាគីស្ថាន សេណេហ្គាល់ និងវេណេហ្ស៊ុយអេឡា។ក្រុមBRICSដែលបានពង្រីកបច្ចុប្បន្នមានប្រហែល ៣០%នៃសេដ្ឋកិច្ចពិភពលោកនិង៤៥%នៃចំនួនប្រជាជនសរុបរបស់ពិភពលោក។BRICSក៏មានចំណែកច្រើនជាង៤០%នៃផលិតកម្មប្រេងរបស់ពិភពលោក។យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បច្ចុប្បន្ន BRICS មានចំនួន៣៦%នៃផលិតផលក្នុងស្រុកសរុបពិភពលោកទាក់ទងនឹងអំណាចទិញ(PPP) ខណៈដែល G7 មាន៣០% ។ កាលពីខែកុម្ភៈ ប្រធានធនាគារអភិវឌ្ឍន៍ថ្មី (NDB) លោកស្រី Dilma Rousseff បាននិយាយថា BRICS ឥឡូវនេះមានបំណងយកឈ្នះលើG7 ទាក់ទងនឹង GDPក្នុងរយៈពេល៤ឆ្នាំខាងមុខ៕ពុតសាម៉ាត់
Post a Comment