រាជរដ្ឋាភិ​បាលផ្តល់ឱកាសស្មើៗគ្នាដ​ល់ប្រជាពលរដ្ឋ​ដើម្បីក្លាយខ្លួន​ជាមន្ត្រីរាជការ​នៅពេលប្រឡង

ថ្លែងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះលោកហ៊ុន ម៉ានី​ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានបញ្ជាក់អំពីការផ្តល់ឱកាសរបស់រាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋក្នុងការក្លាយខ្លួនជាមន្ត្រីរាជការស្មើៗគ្នាថា"នៅពេលនេះក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការតាមនិយាមនីតិវិធីប្រតិបត្តិដ៏ល្អមួយដែលធានាដល់ការប្រឡងប្រជែងប្រព្រឹត្តទៅដោយតម្លាភាពយុត្តិធម៌ហើយប្អូនដែលបានរៀនចប់ ហើយមានបំណងចង់ក្លាយជាមន្ត្រីរាជការ អាចប្រឡងប្រជែង ការផ្តល់ឱកាសឱ្យប្អូនៗ អាចចូលរួមប្រឡងប្រជែងជាបន្តបន្ទាប់ តាមរយៈការរៀបចំការប្រឡងរបស់ក្រសួងមុខងារសាធារណៈបាន"។នេះបើតាមការចេញផ្សាយAKP។

ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុមឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។លោកឧបនាយករដ្ឋមន្ត្រីក៏បានបន្ថែមផងដែរថា"កាលពីម្សិលមិញការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ បានបញ្ចប់ ហើយព្រឹកនេះ សន្លឹកកិច្ចការបេក្ខជន ស្ថិតក្នុងដំណាក់កាលកែ"។គួររម្លឹកផងដែរថា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការប្រឡងប្រជែងបានអញ្ជើញដឹកនាំពិនិត្យដោយផ្ទាល់ទៅលើរបៀបរបបនិងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ វីញ្ញាសាសរសេរលើកទី២ ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។សូមជម្រាបថា កំណែសន្លឹកកិច្ចការបានចាប់ផ្តើមពីម៉ោង៨៖០០ព្រឹកតាមរយៈការកាត់ក្បាលសន្លឹកកិច្ចការការចុះលេខនិងនីតិវិធីនានាស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិ និងស្របតាមគោលការណ៍កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា៕ 


Powered by Blogger.