ពិភពលោ​កមា​នមហាសេដ្ឋី១០០ពា​ន់លា​នដុល្លារច្រើនជាង​គេមិនធ្លាប់មាន

ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះតម្លៃទ្រព្យសកម្មសរុបរបស់មហាសេដ្ឋីមានការកើនឡើងយ៉ាងខ្លាំងដោយសារការរីកចម្រើនយ៉ាងក្តៅគគុកនៃវិស័យបញ្ញាសិប្បនិមិត្តទំនិញប្រណីតនិងការប្រែប្រួលភូមិសាស្ត្រនយោបាយសកល។យោងតាមសន្ទស្សន៍មហាសេដ្ឋីBloombergឥឡូវនេះពិភពលោកបានកត់ត្រាជាលើកដំបូងនូវមនុស្ស១៥នាក់ដែលមានទ្រព្យសម្បត្តិ១០០ពាន់លានដុល្លារឬច្រើនជាងនេះ។ពួកគេមានទ្រព្យសម្បត្តិសរុបចំនួន២,២០០ពាន់លានដុល្លារអាមេរិកដែលស្មើនឹង២៥%នៃទ្រព្យសម្បត្តិរបស់កំពូលអ្នកមានបំផុតទាំង៥០០នៅលើភពផែនដី។បញ្ជីឈ្មោះមហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ទស្សនាវដ្ដី Forbes ក៏កត់ត្រាមនុស្ស១៥ នាក់ដែលមានទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារផងដែរ។ក្នុង​ចំណោម​នោះ មាន​មនុស្ស៩​នាក់​បាន​ក្លាយ​ជា​អ្នក​មាន​ពី​វិស័យ​បច្ចេកវិទ្យា។

(ពីខាងឆ្វេង) Warren Buffett, Jeff Bezos និង Elon Musk ។ រូបថត៖ Reuters
"មហាសេដ្ឋី"ទាំងនេះកាន់កាប់ជិត២៥%នៃទ្រព្យសម្បត្តិសរុបនៃអ្នកមានបំផុតទាំង៥០០នៅលើពិភពលោក។ បើទោះជាមហាសេដ្ឋីទាំង១៥ ខាងលើសុទ្ធតែមានទ្រព្យសម្បត្តិលើសពី១០០ពាន់លានដុល្លារកាលពីអតីតកាលក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ជាលើកដំបូង មនុស្សទាំង១៥នាក់ក្នុងពេលដំណាលគ្នាកាន់កាប់ទ្រព្យសម្បត្តិដែលមានតម្លៃជាង១០០ ពាន់លានដុល្លារ។តំណែងកំពូលនៃបញ្ជីខាងលើគឺលោក BernardArnaultស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមអាជីវកម្មទំនិញប្រណីតLVMHដែលមានទ្រព្យសម្បត្តិសរុបរហូតដល់២២២ពាន់លានដុល្លារអាមេរិក។ទ្រព្យសម្បត្តិរបស់លោកភាគច្រើនបានមកពីការកាន់កាប់ភាគហ៊ុន LVMHមួយចំនួនធំ។ចំណាត់ថ្នាក់ទី២ដែលមានទ្រព្យសម្បត្តិ២០៨ពាន់លានដុល្លារគឺលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ដោយសារការកាន់កាប់ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតដ៏ធំបំផុតនៅលើពិភពលោក។មហាសេដ្ឋីElonMuskនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla មានទ្រព្យសម្បត្តិ១៨៧ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ៣ក្នុងបញ្ជីខាងលើ។អ្នកតំណាងដែលបានចូលរួមថ្មីៗនេះមានអ្នកស្នងមរតកគ្រឿងសំអាង L'Oreal លោក Francoise Bettencourt Meyers ស្ថាបនិកក្រុមហ៊ុន Dell Technologies លោក Michael Dell និងមហាសេដ្ឋីម៉ិកស៊ិក Carlos Slim ។គួរកត់សម្គាល់ថាលោកស្រី Bettencourt Meyers បានក្លាយជាស្ត្រីដំបូងគេនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារនៅពេលដែលភាគហ៊ុនL'Orealកើនឡើងបន្ទាប់ពីកត់ត្រាឆ្នាំអាជីវកម្មល្អបំផុតចាប់តាំងពីឆ្នាំ១៩៩៨។លោកស្រីមានអាយុ៧០ឆ្នាំគឺជាអ្នកមានបំផុតទី១៤នៅក្នុងពិភពលោកដែលមានទ្រព្យសម្បត្តិ១០១ពាន់លានដុល្លារ។ទន្ទឹមនឹងនេះលោកDellក៏បានឃើញទ្រព្យសម្បត្តិសុទ្ធរបស់លោកឡើងដល់១០០ពាន់លានដុល្លារផងដែរ។នាពេលថ្មីៗនេះដោយសារការកើនឡើងនៃតម្រូវការសម្រាប់ឧបករណ៍ដែលទាក់ទងនឹងAIបានជំរុញឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Dell Technologies កើនឡើងខ្ពស់។ បច្ចុប្បន្ន​លោក​ជា​មហាសេដ្ឋី​លំដាប់​ទី​១១​ក្នុង​លោក​ដែល​មាន​ទ្រព្យ​សម្បត្តិ ១១៣​ពាន់​លាន​ដុល្លារ។តួ​លេខ​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត​គឺ​មហាសេដ្ឋី Slim ដែល​ជាប់​ចំណាត់​ថ្នាក់​ទី១៣ មាន​ទ្រព្យ​សម្បត្តិ ១០៦ ពាន់​លាន​ដុល្លារ។ចាប់តាំងពីដើមឆ្នាំមកមហាសេដ្ឋីរូបនេះមានប្រាក់បន្ថែម២៨ពាន់លានដុល្លារ។តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងចក្រភពរបស់លោក ចាប់ពីការសាងសង់រហូតដល់ភោជនីយដ្ឋានបានកើនឡើង។មហាសេដ្ឋីឥណ្ឌា Gautam Adani កាលពីឆ្នាំមុនបានបាត់បង់ទ្រព្យសម្បត្តិ ១០០ពាន់លានដុល្លារដោយសារតែភាគហ៊ុនរបស់ Adani Group ។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ លោក Adani ទទួលបានទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារសារជាថ្មីដោយសារភាគហ៊ុនរបស់ក្រុមហ៊ុនបានស្ទុះងើបឡើងវិញខណៈដែលអ្នកវិនិយោគទូទាំងពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសឥណ្ឌា៕ពុតសាម៉ាត់ប្រភព Forbes, Bloomberg



Powered by Blogger.