សម្ដេចតេ​ជោ៖នៅពេល​ដែលច​លនាជ្រុលនិយ​មត្រូវកា​ត់បន្ថយស្ថានកា​រណ៍ប្រជា​ធិបតេយ្យនឹង​ល្អប្រសើរ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍ត្រូវនឹងថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៤អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា  នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើមបន្ទាប់ពីបានគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ព្រឹទ្ធសភា ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន លើកឡើងថា ឯកឧត្តម និងសហការី មានសេចក្តីរីករាយនឹងកិត្តិយសក្រៃលែងដែលសម្ដេចតេជោបានទទួលនូវការអញ្ជើញរបស់ឯកឧត្តមនិងចូលរួមពិធីពិសាអាហារថ្ងៃត្រង់នៅនិវេសនដ្ឋានរបស់ឯកឧត្តម នាថ្ងៃនេះ ។

ឯកឧត្តមឯកអគ្គរាជទូត បានបន្តថា តាមការស្រាវជ្រាវរបស់ឯកឧត្តមសម្តេចតេជោធ្លាប់អញ្ជើញមកស្ថានទូតជប៉ុន នៅឆ្នាំ២០០៤ នៅក្នុងអាណត្តិរបស់ឯកអគ្គរាជទូតហ្វូមីអូគី ស្ថានទូតជប៉ុនត្រូវបានសាងសង់ឡើង នៅឆ្នាំ២០០២ នៅពេលនោះ មិនមានអគារច្រើននៅជុំវិញទេ។ក៏ប៉ុន្តែឥឡូវនេះមានអគាររបស់គណបក្សប្រជាជនកម្ពុជានិងអគាររបស់ក្រសួងមហាផ្ទៃ ដ៏ស្កឹមស្កៃ និងអគារនៅជុំវិញស្ថានទូតស្អេកស្កះ ដែលបង្ហាញអំពីការវិវឌ្ឍយ៉ាងខ្លាំង នៃរាជធានីភ្នំពេញ។ ជារៀងរាល់ព្រឹក ឯកឧត្តម បានដើរហាត់ប្រាណជាមួយភរិយា នៅក្នុងបរិវេណស្ថានទូត និង បានឃើញ រូបថតសម្តេចទាំងបី (សម្តេចតេជោហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចហេងសំរិន) ។ ឯកឧត្ដមបានបន្តទៀតថាកាលពីព្រឹកម្សិលមិញ ឯកឧត្តម បានឮនូវសម្លេងឃោសនាបោះឆ្នោត ដែលធ្វើឱ្យ ឯកឧត្តម យល់ដឹងអំពីសកម្មភាពនៃនយោបាយផ្ទៃក្នុងរបស់កម្ពុជា ឯកឧត្តម បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការរៀបចំបោះឆ្នោតនៅកម្ពុជា ទោះជាបីជាការបោះឆ្នោតសកលឬអសកល ដែលបានធ្វើឡើង៥ឆ្នាំម្តង ។ប្រទេសជប៉ុនគាំទ្រដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ទាំងនេះគឺជាការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងការជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ឯកឧត្ដមឯកអគ្គរាជទូតបានមានប្រសាសន៍ថាសម្តេចតេជោបានចូលកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជានៅប៉ុន្មានខែមុននេះគឺពិតជាមានសកម្មភាពរវល់ច្រើនណាស់ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ។  សម្តេច បានជួបតាមវីដេអូ ជាមួយនឹងប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីនអ៊ុង លាំង ទទួលស្ដេចស៊ុលតង់ប្រ៊ុយណេ  ហើយកាលពីម្សិលមិញ ទទួលគណៈប្រតិភូព្រឹទ្ធសភារបស់បារាំង ។ ជាមួយគ្នាដែរ ឯកឧត្តម បានឃើញថាសម្តេចធិបតីនាយករដ្ឋមន្ត្រី មានការងារយ៉ាងសកម្ម និងមមាញឹក ក៏ដូចជាសម្តេចប្រធានរដ្ឋសភាផងដែរ ។ សន្តិភាពនិង ស្ថិរភាពមានសារៈសំខាន់ណាស់បើប្រៀបធៀបទៅនឹងសភាពការណ៍ពិភពលោកសព្វថ្ងៃ រួមមាន សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និង បញ្ហានៅប្រទេសស្លូវ៉ាគី ។ឯកឧត្ដម ឯកអគ្គរាជទូតបានបន្តទៀតថា ដោយសារមានស្ថិរភាពក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា។ឯកឧត្តមបានអរគុណសម្ដេចតេជោដែលបានទទួលជួបតំណាងក្រុមហ៊ុនតូយ៉ូតា ក្រោយពីការសម្ពោធន៍រោងចក្រដំឡើងផ្គុំឡានតូយ៉ូតានៅកម្ពុជា ។ កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល ។ ឯកឧត្តម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជា គឺមានការប្រើ QR កូដសម្រាប់បង់លុយហើយកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថល ។ដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គម មានសារសំខាន់ណាស់ហើយយុទ្ធសាស្ត្រឌីជីថលក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។ជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះគឺមានការប្រែប្រួល ។របៀបផ្តល់ជំនួយថ្មីរបស់ជប៉ុន គឺថា អ្នកទទួលជំនួយនិងអ្នកផ្តល់ ត្រូវជួបគ្នាមុនសម្រេច  ។ ជប៉ុនគាំទ្រដល់កម្ពុជា ក្នុងការបង្កើតមជ្ឍមណ្ឌលទិន្នន័យជាតិ។  ជប៉ុន មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅក្នុងវិស័យឌីជីថលបន្ថែមទៀត។ជប៉ុននឹងចូលរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅក្នុងវិស័យឌីជីថល ។ យុវជនកម្ពុជាខិតខំប្រឹងរៀនយ៉ាងខ្លាំង ពូកែភាសាអង់គ្លេស និងនាំមុខខាងបច្ចេកវិទ្យា ។ នៅខែវិច្ឆិកាឆ្នាំ២០២៤នេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី “ពិភពលោកមួយដែលគ្មានមីន” ។នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជានិងជប៉ុននិងសហការគ្នាលើការបណ្តុះបណ្តាលអ្នកដោះមីន ផងដែរ ។ ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា សម្តេចបានធ្លាប់មកស្ថានទូតជប៉ុន ចុះហត្ថលេខាលើសៀវភៅមរណទុក្ខ បន្ទាប់ពីព្រឹត្តិការណ៍រញ្ជួយដី នៅប្រទេសជប៉ុននៅឆ្នាំ២០១១ ។ ហើយ កម្ពុជា បានដំណើរការរៀបចំការបោះឆ្នោតទៀងទាត់ និងមានគណបក្សនយោបាយនានា ចូលរួម ចាប់តាំងពីឆ្នាំ១៩៩៣មក។ កម្ពុជា មិនដែលពន្យារពេលនៃការបោះឆ្នោតម្ដងណាឡើយ ទាំងការបោះឆ្នោតថ្នាក់ជាតិ  និង ថ្នាក់ក្រោមជាតិ ។ សម្តេចតេជោ ចាំបានថា នៅឆ្នាំ១៩៩៨ ប្រទេសជប៉ុននិងសហភាពអឺរ៉ុប បានគាំទ្រដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា មួយឆ្នាំក្រោយពីមានព្រឹត្តិការណ៍វាយគ្នានៅទីក្រុងភ្នំពេញ នាខែកក្កដាឆ្នាំ១៩៩៧។ ការបោះឆ្នោតឆ្នាំ ១៩៩៨ នោះត្រូវបាន ប្រសិទ្ធនាមថាជាអច្ឆរិយនៃទន្លេមេគង្គ ដោយ លោក Stephen J. Solarz ។ សម្ដេចតេជោ បានបន្តទៀតថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវបានរៀបចំឡើង ចាប់តាំងពីអាណត្តិទីពីរ ដោយសារអាណត្តិទីមួយគឺជាការតែងតាំង បន្ទាប់មក គឺជាការរៀបចំបោះឆ្នោតថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ខេត្ត ។ សម្ដេចតេជោមានប្រសាសន៍ថាជាការល្អណាស់ដែលជប៉ុនជួយកម្ពុជាគ្រប់ដំណាក់កាលទាំងអស់ក្នុងដំណើរការប្រជាធិបតេយ្យ ។ សម្តេច បានស្នើឱ្យ ឯកឧត្តមឯកអគ្គរាជទូតចាំមើលថានៅពេលដែលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់ស្ថានការណ៍ប្រជាធិបតេយ្យ នឹងល្អប្រសើរ រួមទាំង កម្ពុជា ។ តាមការព្យាករណ៍របស់សម្តេចនៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ ។ នៅក្នុងប្រជាធិបតេយ្យមិនត្រូវមានចលនាជ្រុលនិយមនោះទេ។សូម្បីតែនៅប្រទេសបារាំង ក៏មានការព្រួយបារម្ភនឹងចលនាជ្រុលនិយមរបស់លោក ឡឺប៉ែនផងដែរ ។ការបោះឆ្នោតគឺដើម្បីសុខសុវត្ថិភាព សេចក្ដីសុខរបស់ប្រជាជនមិនមែនដើម្បីធ្វើសង្គ្រាមនោះទេ។ចលនាជ្រុលនិយមអាចបង្កឱ្យមានសង្គ្រាម ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ប្រទេសនានាមានការរីកចម្រើនជឿនលឿនហើយ ។ក៏ប៉ុន្តែចំពោះកម្ពុជាយើងត្រូវតែរត់ក្នុងខណៈពេលដែលប្រទេសអភិវឌ្ឍន៍គេកំពុងតែដើរ ។នៅក្នុងជួររាជរដ្ឋាភិបាលថ្មីមានយុវជនដែលមានសមត្ថភាព ខ្ពស់ក្នុងការពន្លឿនវិស័យឌីជីថល ។ វិបត្តិតែងតែផ្តល់នូវកាលានុវត្តភាព កូវីដបានជំរុញកម្ពុជាឲ្យទៅមុខលឿនប្រាំឆ្នាំ ខាងឌីជីថល ។ ពេលកូវីដ  សាលាត្រូវបិទ។ដូច្នេះយើងត្រូវតែប្រើឌីជីថលដើម្បីបន្តសកម្មភាពបង្រៀន ។ កាលពីមុន យើងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើកំណែទម្រង់ រួមទាំងផ្នែកអភិបាលកិច្ច និង វិស័យពន្ធដារ ។  ក្នុងនោះ យើងបានបើកប្រាក់ខែប្រាក់បៀវត្សរ៍តាមធនាគារ ទីមួយ ជាការពន្លឿនកិច្ចការ ទីពីរ ជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយ យើងបានកាត់មន្ត្រីខ្មោចចេញពីបញ្ជីឈ្មោះមន្ត្រីរាជការចំនួនពីរម៉ឺននាក់។ នៅក្នុងវិស័យពន្ធដារ យើងបានជំរុញឱ្យ មានការបង់ពន្ធ អនឡាញ និងតាមធនាគារ ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់ជប៉ុន និង  សូមលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងទៀតនៅក្នុងវិស័យនេះ ។ កម្ពុជាអាចជាកន្លែង មានបទពិសោធន៍ក្នុងវិស័យឌីជីថល ។ 

សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន គាត់បានផ្លាស់ប្តូរយោបល់ផងដែរ ទៅលើស្ថានការណ៍តំបន់និងអន្តរជាតិ ដូចជាស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា សង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ព្រមទាំង ផលប៉ះពាល់នៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត នៅក្នុងសង្គម សេដ្ឋកិច្ចនៅក្នុងពិភពលោក។សម្ដេចតេជោមានប្រសាសន៍ថាឧបករណ៍សង្គ្រាមគឺជាផ្នែកមួយនៃការរីកលូតលាស់នៃបច្ចេកវិទ្យា ដូចជាគ្រាប់កាំភ្លើង កាំភ្លើងយន្តហោះ...។ល។ប្រសិនបើពិភពលោកប្តូរពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើសង្គ្រាម មកប្រើប្រាស់នៅក្នុងសម្រាប់វិស័យសេដ្ឋកិច្ចវិញនោះ ការរីកចម្រើនរបស់ពិភពលោកនឹងមានកម្រិតខ្លាំងក្លា ។ នៅចុងបញ្ចប់ ឯកឧត្ដមអគ្គរាជទូត សូមថ្លែងអំណរគុណ សម្ដេចតេជោដែលបានផ្តល់កិត្តិយសអញ្ជើញមកនិវេសនដ្ឋានរបស់ឧត្តម រួមមាន ឯកឧត្ដម អនុប្រធានទាំងពីរ ឧត្តមអគ្គលេខាធិការ នាយកខុទ្ទកាល័យសម្ដេចតេជោ ប្រធានព្រឹទ្ធសភា។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គរាជទូតជប៉ុន ចំពោះការអញ្ជើញសម្តេចនិ ងសហការីនៃព្រឹទ្ធសភានៅក្នុងពិធីពិសាអាហារថ្ងៃត្រង់នាពេលនេះ ដែលជាផ្តល់អាទិភាពដល់ឯកឧត្តមអគ្គរាជទូតមុនគេ បន្ទាប់ពីសម្តេចបានចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា ៕

Powered by Blogger.