ក្រុមហ៊ុនផ​លិ​តកម្មកម្សាន្តរបស់កូរ៉េស្វែង​រកឱកាស​រពង្រីកការវិនិយោគ​និងប្រតិបត្តិការ​អាជីវកម្មនៅ​កម្ពុជា

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ បានអនុញ្ញាតឱ្យ លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកប៉ាក សុងជីន បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសមព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុនដែលផ្ដោតលើការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងតែមានកិច្ចសហការ និងការធ្វើអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ លោកប៉ាកសុងជីនបានបន្ថែមថាក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការវិនិយោគនិងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសអាស៊ានបន្ថែមទៀត ដែលរួមមាន កម្ពុជា ជាដើម។ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប៉ាក សុងជីននិងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសធ្វើអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យសិល្បៈកម្សាន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខ្សែភាពយន្តកូរ៉េ (K-Drama) និង តន្រ្តី K-Pop កំពុងតែពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថាការធ្វើអាជីវកម្មឬការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជាការប្រគុំតន្ត្រីជាដើមនេះគឺជាការរួមចំណែកនៅក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការទាក់ទាញទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ។មុននឹងបញ្ចប់សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ដើម្បីសិក្សាអំពីឱកាស និងសក្ដានុពលវិនិយោគលើវិស័យនេះកម្ពុជា ៕ 

Powered by Blogger.