ក្រសួងការបរទេសចិនបានប្រកាសថានាយករដ្ឋមន្ត្រី Li Qiang នឹងជំនួសតំណែងលោកXi ជាប្រធានគណៈប្រតិភូចិនទៅកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌា។អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "តបតាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌានាយករដ្ឋមន្ត្រី Li Qiang នឹងចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៨ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង New Delhi នៅថ្ងៃទី៩-១០ខែកញ្ញា" ។
 |
| ប្រធានាធិបតីចិនលោក Xi Jinping។AFP |
នៅពេលសួរថាតើព័ត៌មាននេះមានន័យថាប្រធានាធិបតីចិនលោក Xi Jinping នឹងមិនធ្វើដំណើរទៅប្រទេសឥណ្ឌាសម្រាប់កិច្ចប្រជុំកំពូល G20 ឬយ៉ាងណានោះ លោកស្រី Mao បាននិយាយថា "ខ្ញុំទើបតែបានធ្វើសេចក្តីប្រកាសអំពីរឿងនេះ"។យោងតាមលោកស្រី Mao នាយករដ្ឋមន្ត្រី Li Qiang នឹងដឹកនាំគណៈប្រតិភូចិនទៅកាន់កិច្ចប្រជុំកំពូល ដោយសង្កត់ធ្ងន់ថា G20 គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។អ្នកនាំពាក្យរូបនេះបាននិយាយថា"ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ និងចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធ"។ លោក ស្រីMao បាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី Li Qiang នឹង "បង្ហាញគំនិត និងទស្សនៈរបស់ចិន" លើកិច្ចសហប្រតិបត្តិការ G20 ។លោកស្រីបានបន្ថែមថា"យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីទាំងអស់ដើម្បីរួមគ្នាលើកកម្ពស់ភាពជោគជ័យនៃកិច្ចប្រជុំកំពូល G20 ក៏ដូចជាការរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការងើបឡើងវិញនៃស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព"។ឥណ្ឌាមិនបានធ្វើអត្ថាធិប្បាយជុំវិញព័ត៌មានខាងលើនេះទេ។ព័ត៌មានដែលថាលោក Xi ប្រហែលជាមិនចូលរួមក្នុង G20 ត្រូវបានផ្សព្វផ្សាយពីមុន ហើយប្រធានាធិបតីអាមេរិក Joe Biden បានសម្តែងការខកចិត្តចំពោះលទ្ធភាពនេះ។ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកនឹងរកវិធីជួបប្រធានាធិបតីចិន។ប៉ុន្តែមិនបានបញ្ជាក់ពីទីកន្លែងឬពេលណានោះទេ។លោកXiកម្របានធ្វើដំណើរទៅក្រៅប្រទេសណាស់ ចាប់តាំងពីប្រទេសចិនបានដកវិធានការរឹតត្បិតដើម្បីការពារ Covid-19 កាលពីដើមឆ្នាំនេះ។ ដំណើរចុងក្រោយរបស់លោក Xi គឺទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងសម្រាប់កិច្ចប្រជុំកំពូល BRICS ដែលប្រព្រឹត្តទៅនៅទីក្រុង Johannesburg នៅថ្ងៃទី២២-២៤ ខែសីហា។ក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូល BRICS លោក Xi និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានពិភាក្សាគ្នាអំពីវិធានការកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងឥណ្ឌា-ចិន ដែលបានកើនឡើងបន្ទាប់ពីការប៉ះទង្គិចគ្នានៅតំបន់ព្រំដែនHimalaya កាលពីខែមិថុនាឆ្នាំ២០២០បានសម្លាប់ទាហានជាច្រើននៅលើប្រទេសទាំង២។ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin ក៏បានជូនដំណឹងទៅនាយករដ្ឋមន្ត្រីNarendra Modiនៅថ្ងៃទី ២៨ ខែសីហា ថា លោកនឹងមិនទៅប្រទេសឥណ្ឌាសម្រាប់កិច្ចប្រជុំ G20 នោះទេ។ រដ្ឋមន្ត្រីការបរទេស Sergey Lavrov នឹងដឹកនាំគណៈប្រតិភូរុស្ស៊ីទៅចូលរួមព្រឹត្តិការណ៍នេះ។G20 គឺជាប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំង២០របស់ពិភពលោក ដែលស្មើនឹងជាង៩០% នៃទំហំសេដ្ឋកិច្ចសរុប និង២/៣នៃចំនួនប្រជាជនពិភពលោក។ កិច្ចប្រជុំកំពូល G20 គឺជាកន្លែងដែលមេដឹកនាំពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសំខាន់ៗជំរុញគោលនយោបាយទាក់ទងនឹងស្ថិរភាពហិរញ្ញវត្ថុនិងណែនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ពិភពលោក។ ប្រទេសឥណ្ឌាគឺជាម្ចាស់ផ្ទះនៃ G20 នៅឆ្នាំនេះ៕ប្រភព Xinhua, AFP
Post a Comment