«ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥ក្នុងសកលអាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតរមួត, ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាពនិងមជ្ឈភាពអាស៊ាននិង ត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ ។ ការជំរុញពាណិជ្ជកម្មទៅវិញទៅមក, ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងការផ្សារភ្ជាប់នៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។
 |
|
សម្តេចមហាបវរធិបតីក៏បានបង្ហាញអំពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៃនីតិកាលទី ៧ នៃរដ្ឋសភា ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យឯកជន, ជាពិសេស តាមរយៈការផ្តល់ការលើកទឹកចិត្ត និង ការគាំពារ ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និង ឯកជន, និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និង ពហុភាគីជាច្រើន ដែលកម្ពុជាកំពុងមាន។ទន្ទឹមនេះ សម្តេចមហាបវរធិបតី បានសម្តែងជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជា ក្នុងការគាំទ្រនិន្នាការពហុភាគីនិយម, សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់, និង គោលការណ៍មិនជ្រៀតជ្រែកដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃវិស័យឯកជន។ សម្តេចមហាបវរធិបតី ក៏បានលើកឡើងអំពីបញ្ហាប្រឈម និង ភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាកមកលើគ្រប់បណ្តាប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ ។ ក្នុងស្មារតីនេះ, កម្ពុជាយល់ថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ ហើយសន្តិភាព និង វិបុលភាពដ៏ពិតប្រាកដអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និង កិច្ចសន្ទនា ក្រោមស្មារតីនៃ នយោបាយឈ្នះ-ឈ្នះ ប៉ុណ្ណោះ៕AKP
Post a Comment