ចិនបញ្ជាក់នូវការប្ដេជ្ញាចិត្តឥតងាករេក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា
លោកលីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបញ្ជាក់នូវការប្ដេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិនក្នុងការគោរពអធិបតេយ្យរបស់កម្ពុជានិងបានពាំនាំនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ លោកអគ្គលេខាធិការបក្ស ស៊ី ជិនភីងចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាម លក្ខខណ្ឌជាតិរបស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាចេញផ្សាយ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។
តបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជាលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងឱកាសទស្សនកិច្ចនេះលោកលីវ ជានឆាវ បានជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងបានជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈទាក់ទងបរទេស។កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមាន សភាពការណ៍ក្រោយការបោះឆ្នោតនៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។ នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគី ទាំងពីរបានពិភាក្សាអំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមាន ទំនាក់ទំនងនយោបាយការទូត ការពង្រីកពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ ការលើកកម្ពស់វិស័យ ទេសចរណ៍ ការផ្លាស់ប្តូរលើវិស័យអប់រំ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខ។លោកលីវ ជានឆាវ បានបញ្ជាក់នូវការប្ដេជ្ញាចិត្តឥតងាកររបស់ប្រទេសចិនក្នុងការគោរពអធិបតេយ្យ របស់កម្ពុជានិងបានពាំនាំនូវការគាំទ្រយ៉ាងពេញទំហឹងរបស់លោកអគ្គលេខាធិការបក្ស ស៊ី ជិនភីង ចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាម លក្ខខណ្ឌជាតិរបស់កម្ពុជា។ក្នុងសេចក្ដីប្រកាសនេះដែរ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ គណបក្ស ប្រទេស និងប្រជាជនទាំងពីរ។ គណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ជាច្រើនរបស់ប្រទេសចិន រួមមានការផ្ដល់វ៉ាក់សាំងជំងឺកូវីដ-១៩ និងអាហារូបករណ៍ ដែលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ថែមទាំងបានជួយពង្រឹងការ កសាងជាតិនិងចូលរួមកាត់បន្ថយភាពក្រីក្រ។គណបក្សទាំង២បានសម្តែងនូវការពេញចិត្តចំពោះសន្ទុះដ៏រឹងមាំ និងប្រកបដោយថាមវន្តនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីវិបុលភាព សន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ។ គណបក្សទាំងពីរ ប្តេជ្ញាបង្កើនទំនាក់ទំនងគ្រប់ថ្នាក់ គ្រប់ផ្នែក ជាពិសេសអង្គការមហាជន និងយុវជន ព្រមទាំងរួមគ្នាដើម្បីធ្វើឱ្យគម្រោង «ផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន» ដំណើរការបានល្អប្រសើរ។ គណបក្សទាំង២បានវាយតម្លៃខ្ពស់អំពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណបក្សទាំង២ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់សម្តេចតេជោប្រធានគណបក្ស។ក្នុងឱកាសនោះដែរ គណបក្សទាំង២នឹងប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នា ការផ្លាស់ប្តូរ ទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ៕AKP
Post a Comment