ក្រុមហ៊ុ​នSKSecurities​របស់កូរ៉េ​បង្ហាញបំណងបណ្ដាក់ទុន​វិនិយោ​គលើវិស័​យហិរញ្ញវត្ថុនៅ​កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤បានអនុញ្ញាតឱ្យលោក JEON Woo Jong នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុនSKSecuritiesចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះសម្តេចធិបតីដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុនិងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតងនិងមូលនិធិការកសាងគម្រោងផ្សេងៗទៀត។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ បានបន្ថែមថា ក្រោមការដឹកនាំ និងភាពឈ្លាសវៃរបស់សម្ដេចធិបតីលោកមានភាពជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជាដែលប្រកបដោយភាពកក់ក្ដៅ និងមានទំនុកចិត្តខ្ពស់ ហើយលោកនាយកប្រតិបត្តិក៏បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងសហការី និងអរគុណចំពោះក្រុមហ៊ុន SK Securitiesដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ទន្ទឹមនោះសម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគឯកជនរបស់កូរ៉េនៅកម្ពុជាដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ទោះបីជាទីផ្សាររបស់កម្ពុជានៅមានទំហំតូច។ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ និងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ ហើយសម្ដេចធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រនិងសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើវិស័យនេះ។ ចំពោះគម្រោងអាកាសធាតុបៃតង សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងតែយកចិត្តទុកដាក់ និងបោះជំហានទៅមុខលើការអភិវឌ្ឍបច្ចេកវិទ្យាបៃតងដោយរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពលើការផលិតថាមពលអគ្គិសនីស្អាត តាមរយៈការប្រើប្រាស់ថាមពលវារីអគ្គសនី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀតផងដែរ។មុននឹងបញ្ចប់ សម្ដេចធិបតីបានបញ្ជាក់ផងដែរថាដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែងនិងការធ្វើធុរកិច្ចរាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិន។ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន SK Securities ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធលើវិស័យសក្ដានុពលនានាក្នុងព្រះរាជាណាចក្រកម្ពុជា៕ 


Powered by Blogger.