លោកShohrat Zakirអនុប្រធានគណៈកម្មាធិកាអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនបានប្រកាសធ្វើការជិតស្និទ្ធជាមួយសភាកម្ពុជាក៏ដូចជាមន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរស្របតាមស្មារតីនៃចំណងទំនាក់ទំនងដ៏ស៊ីជម្រៅនៃប្រទេសទាំងពីរ។
 |
|
មន្ត្រីជាន់ខ្ពស់សភាប្រជាជនចិនបានគូសរំលេចបែបនេះក្នុងពេលដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។ក្នុងជំនួបនោះ លោកShohrat Zakir ជម្រាបសម្តេចធិបតីពីការកត់សម្គាល់ របស់លោកពេលទស្សនកិច្ចនៅកម្ពុជា គឺបានមើលឃើញថាកម្ពុជាជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។លោកបានជម្រាបសម្តេចធិបតីអំពីលទ្ធផលនៃជំនួបប្រកបដោយផ្លែផ្កាជាមួយសម្តេចមហារដ្ឋសភាធិការធិបតីឃួនសុដារីដែលជាផ្នែកនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ បន្ថែមពីលើនេះ លោកShohrat Zakirក៏បានបញ្ជាក់ថាចិន-កម្ពុជាគឺជាមិត្ដដ៏ជិតស្និទ្ធមិត្តពិតប្រាកដនិងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចំណងមិត្តភាពរវាងប្រទេសទាំងពីរ បានប្រែក្លាយទៅជាមិត្តដែកថែបដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការ នៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ប្រកបដោយគុណភាពកម្រិតនិងស្ដង់ដារខ្ពស់ផងដែរ។លោកShohrat Zakirបានបញ្ជាក់ថា “ដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជានាពេលនេះ ធ្វើឡើងដើម្បីរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត”។សម្តេចធិបតី បានសម្តែងការស្វាគមន៍ចំពោះលោកShohrat Zakirនិងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចពិភាក្សារវាងសម្តេចមហារដ្ឋសភាធិការធិបតី និងលោកShohrat Zakir ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ វាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។សម្តេចធិបតីបានបញ្ជាក់ដែរថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន រយៈពេលជិត៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយជាមិត្តដែកថែប ព្រមទាំងបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។សម្តេចធិបតី បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែក ក្នុងការជំរុញការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
Post a Comment