នា​​យករដ្ឋមន្ត្រីថ្មី៖ធានា​៥យ៉ា​ងជូនបងប្អូនជនរួម​ជាតិ​​តាមរយៈ​​កា​រដឹក​នាំ​អនុវត្ដន៍​កម្មវិធីនយោ​បា​​យក្នុងនីតិ​កាលទី៧

ឯកឧត្តម​កិត្ដិទេសាភិបាលបណ្ឌិតហ៊ុន​ ម៉ាណែតនាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ​កម្ពុជាបានគូសបញ្ជាក់អំពីការធានា៥យ៉ាង របស់រាជរដ្ឋាភិបាលជូនដល់បងប្អូនជនរួម​ជាតិ​យើងទាំងអស់ តាមរយៈការដឹកនាំអនុវត្តន៍ “កម្មវិធីនយោបាយ” នេះសម្រាប់​ដំណើរ​ទៅ​​មុខរបស់កម្ពុជានៅក្នុងនីតិកាលទី៧នៃរដ្ឋសភា។ ការគូសបញ្ជាក់របស់ឯកឧត្តមនាយករដ្ឋមន្រ្ដីបែបនេះក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ ដើម្បីបោះ​ឆ្នោត​​ជ្រើសតាំងប្រធាននិងអនុប្រធានរដ្ឋសភា ប្រធាននិងអនុប្រធានគណៈកម្មការ​ជំនាញ​​នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្ដចំពោះរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ឯកឧត្តម​កិត្ដិទេសាភិបាលបានអះអាងថា៖ «ខ្ញុំក៏សូមសន្យា និងធ្វើការប្ដេជ្ញាជាឱឡារិកជូនបងប្អូនជនរួមជាតិទូទាំង​ប្រទេស​ថា ខ្ញុំ នឹងប្ដូរផ្ដាច់ ដឹកនាំ​ស្ថាប័ននីតិប្រតិបត្តិរបស់ជាតិធានាអនុវត្ដន៍ឱ្យបានសម្រេច​ជោគ​ជ័យនូវកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាល​ដែលជាការសន្យារបស់គណបក្សប្រជាជន​កម្ពុជា ជូនដល់ប្រជាពល​រដ្ឋ​នៅមុន​ការបោះឆ្នោត»។ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតបានថ្លែងថា  កម្មវិធីនយោ​បាយ​របស់រាជរដ្ឋាភិបាលដែលត្រូវបានបង្ហាញជូនរដ្ឋសភា, និងតាមរយៈរដ្ឋសភា ជូន​ដល់​ជនរួមជាតិ និងសាធារណៈមតិទូទៅ នាពេលនេះ ឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និង​ការប្តេជ្ញាចិត្ត ដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និង ប្រជាជន​ក្នុង​គ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញច្បាស់អំពីចក្ខុវិស័យ និងគោលនយោ​បាយ​លើ​គ្រប់​វិស័យរបស់រាជរដ្ឋាភិបាល ដើម្បីបន្តការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរក​អនាគត​មួយ​ដ៏រុង​រឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ។

ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមអនុញ្ញាតយកឱកាស​នេះគូសបញ្ជាក់អំពីការធានា៥យ៉ាង របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនជនរួម​ជាតិ​យើង​ទាំងអស់ តាមរយៈការដឹកនាំអនុវត្តន៍ “កម្មវិធីនយោបាយ” នេះ សម្រាប់ដំណើរទៅ​មុខរបស់​កម្ពុជានៅក្នុងនីតិកាលទី៧នៃរដ្ឋសភា»។​ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានលើកឡើងថា តាមរយៈការដឹកនាំអនុវត្តន៍ កម្មវិធីនយោបាយក្នុងការធានា៥ យ៉ាង របស់រាជរដ្ឋាភិបាលនេះ រួមមាន ទី១-ការធានា​ការ​​ពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសុវត្ថិភាព សម្រាប់ការរស់​នៅ​ដោយក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុង​ផ្ទៃ​ប្រទេស ព្រមទាំងការការពារ​ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឱ្យបានគង់វង្ស​ចីរកាល មិនឱ្យកម្លាំងណាមក​បំពាន ឬ បំផ្លាញបានឡើយ ។ ទី២-ការធានាបន្តជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគ្រប់វិស័យដោយផ្តោតអាទិភាពលើការកែទម្រង់​អភិ​បាល​កិច្ច សំដៅពង្រឹងស្ថាប័ន​សាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ រួមបញ្ចូលផងដែរនូវ​ការ​ពង្រឹង​គោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុង សង្គម ព្រមទាំងការបង្កើនប្រសិទ្ធ​ភាព និងការលើកកម្ពស់គុណភាពរស់វាសាធារណៈការ​ពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែល​​មានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់ដល់​កំណើន​ខ្ពស់ ប្រកបដោយចីរភាព បរិយាបន្ន និង សមធម៌។ ទន្ទឹមនេះ ការបន្តផ្តល់អាទិភាពខ្ពស់ ទៅលើការវិនិយោគលើ​មូល​ធនមនុស្ស ដោយផ្តោតលើការកែទម្រង់វិស័យអប់រំ និងវិស័យ​សុខាភិបាល ការលើកកម្ពស់ និងការបង្កើនការវិនិយោគ ទាំងការវិនិយោគ​សាធា​រណៈ ទាំង​ការវិនិយោគឯកជន លើ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទាំងផ្នែករឹង ទាំង​ផ្នែក​ទន់, ដើម្បីបង្កើនភាពទាក់​ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់​សេចក្តី​ត្រូវការគ្រប់ ផ្នែករបស់​ប្រជាជន ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ និងការបង្កើតបរិយា​កាស​អំណោយផលដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និង ធុរកិច្ចថ្មី ឱ្យរីកលូត​លាស់ ការលើកកម្ពស់ភាពជាដៃគូ រវាងរដ្ឋ និង វិស័យឯកជន; ការ​បង្កើនភាពស៊ីជម្រៅ និងការពង្រឹងភាពធន់ហិរញ្ញវត្ថុ ព្រមទាំងការពង្រីកបរិយាបន្ធ​ហិរញ្ញ​វត្ថុ រួមបញ្ចូលនូវការ​រៀបចំ និងការកែលម្អក្របខណ្ឌ និងយន្តការហិរញ្ញប្បទាន ព្រមទាំង​ការធ្វើពិពិធកម្មផលិត​ផល និងសេវាហិរញ្ញវត្ថុ សំដៅរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ និង​ការជំរុញធ្វើបរិវត្តកម្មឌីជីថល ទាំងក្នុងសង្គម និងសេដ្ឋកិច្ច ។ល។​ទី៣-​ការធានាបន្ត​ជំរុញ​លើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់​ជូនដល់ស្រទាប់យុវជន​នូវការអប់រំ និងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយ គុណភាព ព្រមជាមួយ​នឹង​ឱកាសទទួលបានការងារធ្វើ ការជួយកសិករក្នុងការពង្រីក​ផលិត​កម្ម និងការរកទីផ្សារ​លក់​កសិផល ដោយថ្លៃសមរម្យ ការបន្តដំឡើងប្រាក់ឈ្នួល​អប្បបរមា និងប្រាក់អត្ថប្រយោជន៍​ផ្សេង​ទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីពជូនកម្មករ-និយោជិត ការបន្តដំឡើងបៀវត្សរ៍អប្បបរមា និងប្រាក់​សោធន​និវត្តន៍ ជូនមន្ត្រីរាជការសា​ធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជននិងអតីតយុទ្ធ​ជន​គួបផ្សំជាមួយនឹងការរៀបចំ​ប្រព័ន្ធ​បៀវត្សរ៍ និងប្រព័ន្ធលើកទឹកចិត្តក្នុងវិស័យ​សាធារណៈ​ឱ្យកាន់តែមានប្រសិទ្ធភាព និងភាព​គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណាធិបតេយ្យសំដៅ​លើកកម្ពស់ ផលិតភាពការងារ សមិទ្ធកម្ម និង ជីវភាពមន្ត្រីសាធារណៈ ឱ្យមានសង្គតិភាព ជាមួយកំណើនសេដ្ឋកិច្ច និង​លទ្ធភាពនៃថវិកាជាតិ ។ល។ ទី៤-ការធានានូវសុវត្ថិភាព​សង្គម និងលំនឹងក្នុងការរស់​នៅ​របស់ប្រជាជន ទាំងនាបច្ចុប្បន្ន ក៏ដូចជាទៅអនាគត តាម​រយៈការអភិវឌ្ឍ និងការពង្រឹង​ប្រព័ន្ធគាំពារសង្គម ដែលរួមបញ្ចូលនូវរបបជំនួយសង្គម និង របបសន្តិសុខសង្គម ប្រកប​ដោយ​ប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជន​គ្រប់​រូប ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ ពីគ្រោះ​អាសន្ន និងវិបត្តិនានា ដោយ​មិនទុកឱ្យប្រជាជនណាម្នាក់ទទួលរង គ្រោះដោយមិនមាន​ការ​យកចិត្តទុកដាក់នោះឡើយ ។ ទី៥-ការធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាព​នៃ​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង​ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុតាម​រយៈការប្រើប្រាស់ឱ្យ​បានប្រសើរ​បំផុតនូវផលលាភប្រជាសាស្ត្រ និង ការពង្រឹងភាពធន់នៃ​ប្រជាសាស្ត្ររបស់កម្ពុជា ការ​លើក​កម្ពស់សមភាពយេនឌ័រ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកប​ដោយចីរភាព ការខិតខំ​បង្កើនហិរញ្ញប្បទានចីរភាព សំដៅជំរុញការវិនិយោគបៃតង និង​សេដ្ឋកិច្ចបៃតង ការជំរុញ​ការ​វិនិយោគសាធារណៈ ដែលមានភាពធន់នឹងអាកាសធាតុ និងមានការបញ្ចេញ​កាបូន​ទាប និងការធានាចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួន​ជា​ស្រេច ដើម្បីឆ្លើយតបទៅនឹង​បញ្ហានៃការប្រែប្រួលអាកាសធាតុ៕AKP


Powered by Blogger.