តុលាការព្រហ្មទណ្ឌថៃនៅថ្ងៃនេះ(១៨មិថុនា)បានអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រីThaksinShinawatraដោះលែងឲ្យនៅក្រៅឃុំបន្ទាប់ពីបានបង់ប្រាក់ធានាចំនួនកន្លះលានបាតប្រហែល១៣.៦០០ដុល្លារ។
 |
|
យោងតាមកាសែត BangkokPostលោកThaksinត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនិងឧក្រិដ្ឋកម្មកុំព្យូទ័រពាក់ព័ន្ធនឹងការអត្ថាធិប្បាយដែលបានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៥។យោងតាមអ្នកនាំពាក្យការិយាល័យអគ្គមេធាវី (OAG) លោក Prayut Phetcharakhun នៅព្រឹកនេះ លោកThaksin បានបង្ហាញខ្លួននៅចំពោះមុខព្រះរាជអាជ្ញា ហើយត្រូវបាននាំខ្លួនទៅកាន់តុលាការព្រហ្មទណ្ឌដើម្បីបង្ហាញមុខក្នុងសវនាការ ដើម្បីចោទប្រកាន់លោកពីបទប្រមាថព្រះមហាក្សត្រ។ លោក Prayutបាននិយាយថាតុលាការបានទទួលយកសំណុំរឿងនៅម៉ោង ៨និង៥៦ នាទីព្រឹក ដោយប្រកាសជាផ្លូវការថាលោកThaksin ជាចុងចោទ។អតីតនាយករដ្ឋមន្ត្រីThaksinបានបដិសេធរាល់ការចោទប្រកាន់ ហើយបាននិយាយថាលោកនឹងការពារខ្លួននៅក្នុងតុលាការ។យោងតាមតុលាការ ចុងចោទត្រូវប្រគល់លិខិតឆ្លងដែនរបស់ខ្លួន ហើយត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសលុះត្រាតែមានការអនុញ្ញាត។ តុលាការបានអនុញ្ញាតឲ្យលោកThaksin នៅក្រៅឃុំក្រោមហេតុផលថាអតីតមេដឹកនាំរូបនេះមិនរត់គេចខ្លួនរំខានភស្តុតាង ប្រព្រឹត្តអំពើគ្រោះថ្នាក់ឬរារាំងដំណើរការរបស់តុលាការ។កាលពីចុងខែមុន ការិយាល័យអគ្គមេធាវីបានប្រកាសពីការសម្រេចចិត្តកាត់ទោសលោកThaksin។ការកាត់ទោសដំបូងត្រូវបានរំពឹងថានឹងធ្វើឡើងមុននេះ។ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ថ្ងៃនេះដោយសារតែលោកថាក់ស៊ីនបានឆ្លង Covid-19។អតីតនាយករដ្ឋមន្ត្រីThaksin អាយុ៧៤ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ក្នុងបទសម្ភាសន៍ជាមួយកាសែតកូរ៉េ Chosun Ilbo កាលពីថ្ងៃទី២១ឧសភា២០១៥។ នៅក្នុងបទសម្ភាសន៍ លោកបានអះអាងថាក្រុមប្រឹក្សាឯកជនបានគាំទ្ររដ្ឋប្រហារឆ្នាំ២០១៤ដែលបានផ្ដួលរំលំរដ្ឋាភិបាលរបស់ប្អូនស្រីរបស់លោក លោកស្រី Yingluck Shinawatra។ការត្អូញត្អែរដំបូងអំពីបទសម្ភាសន៍នេះត្រូវបានធ្វើឡើងដោយឧត្តមសេនីយ៍ Udomdej Sitabutr ដែលកាលនោះជាអនុរដ្ឋមន្ត្រីការពារជាតិក្នុងរដ្ឋាភិបាលយោធារបស់ឧត្តមសេនីយ៍ Prayut Chan-o-cha។ឧត្តមសេនីយ៍ណែនាំឲ្យអគ្គព្រះរាជអាជ្ញារងចាត់វិធានការតាមផ្លូវច្បាប់ចំពោះលោក Thaksin ដែលនាំឲ្យ OAG ដាក់ពាក្យប្តឹង។ នៅឆ្នាំ២០១៥ តុលាការព្រហ្មទណ្ឌបានទទួលយកសំណុំរឿងនេះទៅជំនុំជម្រះ ហើយបានចេញដីកាចាប់ខ្លួនលោកថាក់ស៊ីនThaksin ដែលរស់នៅនិរទេសខ្លួននៅបរទេសហើយមិនបានត្រឡប់ទៅប្រទេសថៃវិញរហូតដល់ខែសីហា ឆ្នាំ២០២៣។ប៉ូលីសបានចោទប្រកាន់ការអត្ថាធិប្បាយដែលលោកThaksin បានធ្វើឡើងក្នុងពេលសម្ភាសន៍បានបំពានលើមាត្រា១១២នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ ក៏ដូចជាច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រផងដែរ។កន្លងមក អ្នកនាំពាក្យរបស់ OAG បាននិយាយថា អគ្គមេធាវី Amnat Chetcharoenrakបានសម្រេចកាត់ទោសលោកThaksin លើបទចោទប្រកាន់ទាំងពីរ តាមសំណើរបស់ប៉ូលីស។ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មកុំព្យូទ័រគឺពាក់ព័ន្ធនឹងលោកThaksin បញ្ចូលព័ត៌មានទៅក្នុងប្រព័ន្ធកុំព្យូទ័រដែលជាសកម្មភាពចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រមានទោសជាប់ពន្ធនាគារអតិបរមារហូតដល់១៥ឆ្នាំសម្រាប់រាល់ទង្វើប្រមាថព្រះរាជវង្សានុវង្ស៕ពុតសាម៉ាត់
Post a Comment