សម្តេចនា​យ​ករដ្ឋមន្ត្រី​ប្រជុំ​ប្រមូល​ធាតុ​ចូល​​​ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះនិ​ង​ផ្ដល់យោ​បល់​

 សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ប្រចាំឆមាស ជា​លើក​ទី២ដើម្បី​ប្រមូល​ធាតុ​ចូល​ក្នុងន័យ​ស្ថាបនា​បញ្ហា​សង្គម​នាពេល​បច្ចុប្បន្ននិង​ចក្ខុវិស័យ​របស់​គណបក្ស​នយោបាយ​ដែលជា​សមាជិក។កិច្ចប្រជុំ​ប្រចាំឆមាស លើក​ទី២ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ធ្វើឡើង​នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃ​សុក្រ ដែលមាន​គណបក្សនយោបាយ​ចូលរួម​ចំនួន ២៩គណបក្ស និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​រយ​នាក់។សម្តេចហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា កិច្ច​ប្រជុំ​ខាងលើនេះ គឺជា​លើក​ទី២ ដែល​លោក​បាន​ជួបប្រជុំ​ជាមួយ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែលជា​យន្តការ​ប្រមូល​ផ្តុំ​ពហុ​គំនិត​ជូន​រដ្ឋាភិបាល​ក្រៅ​ក្រប​ខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រជា​ធិបតេយ្យ និង​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​សង្គមជាតិ ។

លោក ឈឹម ផល​វរុណ ប្រធាន​លេខា​ធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បានឱ្យដឹងថា ក្នុង​កិច្ចប្រជុំ​បានផ្តល់​ឱកាស​ឱ្យ​ប្រធាន​ប្រតិភូ​គណបក្ស​រួមចំណែក​ផ្តល់​ធាតុ​ចូល​ក្នុងន័យ​ស្ថាបនា​អំពី​បច្ចុប្បន្នភាព​សង្គម​រយៈ​ពេល៦ខែ ដើម​អាណត្តិ​ទី៧ និង​ចក្ខុវិស័យ​នៃ​ការរំពឹងទុក​ដោយ​ប្រធាន​ប្រតិភូ​គណបក្សនីមួយ។លោក​បន្ថែមថា គិត​ត្រឹម​រយៈពេល៦​ខែ ដើម​អាណត្តិ​ទី៧ នៃ​រដ្ឋាភិបាល មាន​គណបក្សនយោបាយ ២៩បាន​ចូល​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់។លោក​បន្តថា ក្នុង​រយៈពេល៦ខែ ដើម​អាណត្តិ​ថ្មី​នេះ គណបក្សនយោបាយ​ដែលជា​សមាជិក​បានធ្វើកា​រ​ជាច្រើន​ដោយ​អនុវត្តតាម​បទ​បញ្ញា​ត ដែល​ផ្ដល់​លទ្ធភាព​ជាច្រើន​ឱ្យ​ប្រតិភូ​គណបក្សនីមួយៗផ្ដល់​ធាតុ​ចូល​ជូន​រដ្ឋាភិបាល ដើម្បី​កែលម្អ​បញ្ហា​ខ្វះខាត​របស់​សង្គម។លោក​​​ថា ការ​ផ្ដល់​​ធាតុ​​ចូល​មិន​មែន​ជា​យន្តការ​ដោះ​ស្រាយ​នោះ​ទេ ព្រោះ​​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​មាន​អំ​ណាច​ធំៗចំនួន ៣រួចទៅហើយ គឺ​អំណាចនីតិបញ្ញ​ត្តិ តំណាង​រដ្ឋសភា និង​ព្រឹទ្ធ​សភា អំណាចនីតិប្រតិបត្តិ តំណាង​រដ្ឋ​ភិ​បាល និង​អំណាចតុលាការ តំណាង​សាលាជម្រះ​ក្ដី ប៉ុន្តែ​យន្តការ​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ គឺជា​យន្តការ​ពហុបក្ស​ក្រៅ​សភា​ដោយ​ផ្ដល់នូវ​ធាតុ​ចូល​របស់​ប្រតិភូ​គណបក្ស​ដែល​បាន​មើលឃើញ​លើ​វិស័យ ឬ​អនុវិស័យ​ណាមួយ ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​ក្នុងន័យ​ស្ថាបនា៕KhmerTimes

Powered by Blogger.