ជំនួបប្រមុ​ខរដ្ឋាភិបាលកម្ពុជានិងប្រធានក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន(CRCC)សង្កត់ធ្ងន់ការអភិ​វឌ្ឍប្រព័ន្ធផ្លូវដែ​ក

 ប្រមុខរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យលោក លោក វ៉ាង ជៀនភីងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង“វេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣” នៅរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ លោក វ័ន ជៀនភីង បានថ្លែងអំណរគុណចំពោះសម្តេចធិបតីហ៊ុនម៉ាណែតដែលបានផ្តល់ឱកាសដល់រូបលោកនិងសហការីបានចូលជួបសម្តែងការគួរសម ក៏ដូចជាចំពោះការគាំទ្រនិងការលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាក្នុងរយៈកាលកន្លងមក។ ក្នុងឱកាសនោះផងដែរ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានជម្រាបជូននាយករដ្ឋមន្រ្តីអំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជាដោយគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនCRCCមានគម្រោងវិនិយោគសរុបចំនួន៥៣ជាមួយនឹងដើមទុនប្រមាណ ៥.៣០០ លានដុល្លារអាមេរិក។ ចំពោះទិសដៅអនាគត ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងធំៗចំនួន៣បន្ថែមទៀត រួមមាន៖(i)មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, (ii) គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែតនិង (iii) គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ។ជាការឆ្លើយតបសម្តេចធិបតីបានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CRCC នាឱកាសនេះ ព្រមទាំងបានថ្លែងអំណរគុណ និងគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីកព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀតដែលក្រុមហ៊ុនមានបទពិសោធន៍និងមានលទ្ធភាព។ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវដែកដើម្បីឱ្យមានសមត្ថភាពគ្របដណ្តប់ទូទាំងប្រទេសសម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលដៅចំនួន២គឺ(i)ការពិនិត្យលទ្ធភាពលើការជួសជុលនិងទំនើបកម្មផ្លូវដែកដែលមានស្រាប់និង(ii) ការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែងនិងខេត្តមណ្ឌលគិរី៕AKP

Powered by Blogger.