សម្តេចធិ​បតីស្នើប្រធានាធិប​តីវៀតណាមពន្លឿនការចរ​ចានៃការតភ្ជាប់ផ្លូវ​ល្បឿនភ្នំពេញ-បាវិត​និងបាវិត-ហូជី​មិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong)ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣” នៅរដ្ឋធានីប៉េកាំង។

ក្នុងជំនួបនេះឯកឧត្តមប្រធានាធិបតីវៀតណាមបានសម្តែងនូវសុទិដ្ឋិនិយមថាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីប្រទេសកម្ពុជានឹងអាចអនុវត្តដោយជោគជ័យនូវរាល់គោលនយោបាយនានា ដែលបានដាក់ចេញគ្រប់កម្រិតទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ឯកឧត្តមវ៉វ៉ាន់ធឿងក៏បានបញ្ជាក់បន្ថែមថាប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជាដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំង២។ជាការឆ្លើយតបសម្តេចធិបតី បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានរំឭកអំពីជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីវៀតណាម កាលពី៤ឆ្នាំមុន ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាសនៃការពិភាក្សាដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ សម្តេចធិបតី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យដោយក្នុងនេះទំហំពាណិជ្ជកម្មទ្វេភាគីនិងចំនួនភ្ញៀវទេសចររវាងប្រទេសទាំង២ក៏មានការកើនឡើងជាលំដាប់ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។ ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានស្នើ ឯកឧត្តមប្រធានាធិបតីវៀតណាមពាក់ព័ន្ធនឹងការពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។ថ្នាក់ដឹកនាំទាំង២បានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតីវៀតណាមក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបានបង្ហាញបំណងក្នុងការយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។សម្តេចធិបតី បានឆ្លើយតបទទួលយកការអញ្ជើញនេះផងដែរ៕ ប្រភព៖STPM


Powered by Blogger.