នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Pushpa Kamal Dahal នាពេលថ្មីៗនេះ បានផ្ញើលិខិតអបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងរវាងប្រទេសទាំង២។លោកបានលើកឡើងនៅក្នុងលិខិតអបអរសាទរថា ទំនាក់ទំនងរវាងនេប៉ាល់ និងកម្ពុជា នៅតែបន្តមានទំនាក់ទំនងល្អ និងស្និទ្ធស្នាល ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៧៥។ ដោយផ្អែកលើវប្បធម៌ សាសនា និងតម្លៃជាតិសាសន៍អាស៊ីដូចគ្នា ទំនាក់ទំនងរបស់យើងត្រូវបានកំណត់លក្ខណៈដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈល្អចំពោះគ្នាទៅវិញទៅមក»។
 |
|
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសនេប៉ាល់ និងកម្ពុជា នឹងត្រូវបានពង្រឹងបន្ថែមទៀតក្នុងអំឡុងពេលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិត»។នាយករដ្ឋមន្ត្រីនេប៉ាល់បានបន្ថែមថាការបោះឆ្នោតជ្រើសតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខរដ្ឋាភិបាលកម្ពុជា គឺបង្ហាញពីសក្ខីភាពនៃទំនុកចិត្តដែលប្រជាជនកម្ពុជាមានចំពោះការដឹកនាំរបស់ឯកឧត្តម ក្នុងការដឹកនាំប្រទេសបន្តឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ខ្ញុំត្រៀមធ្វើការជាមួយ ឯកឧត្តមបណ្ឌិតដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពបន្ថែមទៀត»។មេដឹកនាំពិភពលោកផ្សេងទៀត រួមទាំងប្រទេសអូស្ត្រាលី បង់ក្លាដែស បេឡារុស ប្រ៊ុយណេ ចិន គុយបា ហ្គាណា សាធារណរដ្ឋឆេក ហ្សកហ្ស៊ី ហុងគ្រី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ សាធារណរដ្ឋកូរ៉េ លុចសំបួ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា ហូឡង់ រុស្ស៊ី អារ៉ាប៊ីសាអូឌីត ស៊ែប៊ី សិង្ហបុរី ថៃ ទីម័រខាងកើត ទុយនីស៊ី ទួរគី អ៊ុយក្រែន វៀតណាម ព្រមទាំងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ ក៏បានផ្ញើលិខិតអបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕AKP/KhmerTimes
Post a Comment