រដ្ឋម​ន្ត្រីក្រសួង​មហាផ្ទៃណែនាំ​ឱ្យពិនិត្យតម្លៃធ្វើលិ​ខិតឆ្លងដែន​ឡើងវិញ

 ឯកឧត្តមអភិសន្ដិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំ​មន្ដ្រី​ក្រោមឱវាទទាំងអស់បន្ដពិនិត្យឡើងវិញអំពីតម្លៃធ្វើលិខិតឆ្លងដែន ខណៈប្រទេសកម្ពុជា​ហាក់មានតម្លៃខ្ពស់ជាងគេបើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់អាស៊ាន។

ឯកឧត្តមអភិសន្ដិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។រូបភាពផេកឯកឧត្តមអភិសន្ដិបណ្ឌិតស សុខា
ការ​ណែនាំរបស់ឯកឧត្តមអភិសន្ដិបណ្ឌិតបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹក​នាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។ឯកឧត្តមអភិសន្ដិបណ្ឌិត បានគូសបញ្ជាក់ថា៖​«សូមពិនិត្យឡើងវិញ​នូវ​តម្លៃ​ការ​ធ្វើ​លិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេសក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម មានតម្លៃទៀប។ មួយទៀត ប្រទេសថៃ ប្រទេសសិង្ហបុរី លើស​មធ្យម​តិចតួច។ ប៉ុន្ដែ​ចំណែកកម្ពុជារបស់យើង តម្លៃហាក់ដូចមានភាពខ្ពស់ សូមឱ្យអង្គភាព​ពាក់ព័ន្ធ ពិនិត្យ ពិចារណា ហើយការងារនេះ យើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០​ដុល្លារ​ទេ»។ ឯកឧត្តម​អភិសន្ដិបណ្ឌិតបានជំរុញដល់មន្ដ្រីក្រោមឱវាទទាំងអស់ ធ្វើយ៉ាង​ណា​ផ្ដល់ភាព​កក់ក្ដៅជូនប្រជាពលរដ្ឋ កុំឱ្យពីមួយអាណត្តិទៅមួយអាណត្តិ ការធ្វើលិខិត​ឆ្លង​ដែនមានការ​ឡើងថ្លៃរហូត។ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្រ្ដីបានរម្លឹកថា ក្រោមការដឹកនាំរបស់ សម្ដេចក្រឡាហោម ស ខេង អស់រយៈពេល ៦ អាណត្តិ កន្លងមក ក្រសួង​មហាផ្ទៃ គឺ​សម្រេច​​បានសមិទ្ធផលធំៗជាច្រើនដែលជាមូលគ្រឹះដ៏រឹងមាំសម្រាប់ថ្នាក់ដឹកនាំជំនាន់​ក្រោយរបស់ក្រសួងឈានទៅសម្រេចបានបេសកកម្មធំៗជាបន្ដបន្ទាប់ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ។ ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យ​មន្ដ្រីក្រោម​ឱវាទ បន្ដពង្រឹងក្រមសីលធម៌ គោរវិន័យឱ្យបានខ្ជាប់ខ្ជួន «កុំពើងទ្រូង កុំក្រអើតក្រទម» និងជំរុញក្រុមការងារទាំងអស់ធ្វើឱ្យមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត។ឯកឧត្តមអភិសន្ដិបណ្ឌិតបានអះអាងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បន្ដអនុវត្តន៍ប្រកប​ដោយ​ការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមតួនាទីភារកិច្ចរបស់ខ្លួនដូចជាបន្ដដំណើរការងាររបស់ខ្លួនប្រកបដោយនិរន្ដរ៍ភាព ជាមួយការបន្ដពង្រឹងការទទួលខុសត្រូវ សមត្ថភាព គុណភាព និងភាពជាប្រចាំស្របតាមផែនការយុទ្ធសាស្ដ្រដែលបាន​គ្រោង​ទុក។ លើសពីនេះទៀត បន្ដទំនាក់ទំនងល្អដោយបរិយាបន្ន និងស័ក្ដិសិទ្ធិភាព ក្នុងការ​បម្រើ​ការងារទាំងក្នុងអង្គភាព និងក្រៅអង្គភាព ប្រកបដោយតម្លាភាព ចីរភាព និង​គុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការ ពិសេសអភិបាលកិច្ចល្អ ក៏ដូចជាបន្ដកិច្ចសហ​ប្រតិ​បត្តិការរវាងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីចូលរួមចំណែក​សម្រេចឱ្យ​បាននូវផែនការរបស់ក្រសួងមហាផ្ទៃព្រមទាំងយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧។ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់បន្ថែមថា៖ «ថ្នាក់ដឹកនាំក្រសួង មន្ដ្រី​រាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ បន្ដពង្រឹងក្រមសីលធម៌ គោរវិន័យ​ឱ្យបានខ្ជាប់ខ្ជួន កុំពើងទ្រូង កុំក្រអើតក្រទម និងជំរុញក្រុមការងារទាំងអស់ឱ្យ​មាន​ប្រសិទ្ធ​ភាពកាន់តែខ្លាំងថែមទៀត និងប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីការអនុវត្តការងារឱ្យកាន់​តែមានប្រសិទ្ធភាពខ្ពស់»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំតាម​ផ្នែកអង្គ​ភាព​ទាំងអស់ នៃក្រសួងមហាផ្ទៃ បង្កើនការយកចិត្ដទុកដាក់ដោះស្រាយបញ្ហា សំណូមពរ ដែលជាការប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានផ្ញើមកដោយផ្ទាល់ ឬតាមរយៈ​ការ​ខំមិន តាមបណ្ដាញសង្គមផ្សេងៗពាក់ព័ន្ធអង្គភាពរបស់ខ្លួន កុំចាត់ទុកថារឿងតូច​មិនចាត់​ការ រឿងធំបានចាត់ការ។ ទន្ទឹមនេះ ឯកឧត្តមអភិសន្ដិបណ្ឌិតបានសង្កត់ធ្ងន់ថា សូមកុំភ្លេច​ថា កន្ទុយបារីមួយតូច អាចដុតផ្ទះថ្មដ៏ស្កឹមស្កៃឱ្យរលាយបាន ដូច្នេះយើងជាសមត្ថកិច្ច ត្រូវ​តែបន្ដបំពេញបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត៕AKP




Powered by Blogger.