កូន​ផ្សោត​កើតថ្មីមួយក្បាល​ត្រូវបានប្រទះ​ឃើញ

 រដ្ឋបាលជលផលបានប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមាន​អាយុកាលប្រមាណជាពីរសប្តាហ៍នៅវេលាម៉ោងប្រមាណជា១០៖៣០នាទីព្រឹក នាថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលបានឱ្យដឹងថា ការប្រទះឃើញ​នេះត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុង​ជូនភ្ញៀវទេសចរមើលសត្វផ្សោត។ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រី​ប៉ូលីសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះ​ឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជា៧ក្បាល។សូមបញ្ជាក់ថា កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោត​ទី​៦​ហើយ ដែល​ត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពី ខែមករា ដល់ខែសីហានេះ៕ប្រភព៖ក្រសួងកសិកម្ម/AKP

Powered by Blogger.