ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានជំនឿយ៉ាងមុតមាំថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីដែលនឹងទទួលការទុកចិត្តពីរដ្ឋសភានឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូបទាំងការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ ព្រះករុណាព្រះមហាក្សត្របានមានព្រះរាជឱង្ការដូច្នេះ ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នាព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
 |
|
ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នេះដែរ ព្រះមហាក្សត្រ ព្រះអង្គបានសម្ដែងនូវព្រះទ័យដោយក្ដីសោមនស្សរីករាយ និងចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧និងសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្ដែងឆន្ទៈនិងជំនឿទុកចិត្ត តាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ។ ព្រះអង្គមានព្រះរាជឱង្ការម្លឹកថាចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍គ្រប់វិស័យដែលធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។ ព្រះករុណា ព្រះមហាក្សត្របានគូសបញ្ជាក់ថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ ព្រះអង្គបានគូសបញ្ជាក់ទៀតថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សារៀន សូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន ។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្តន៍ និងលើកកម្ពស់នីតិរដ្ឋ សំដៅឱ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។ ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧នេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីថតរូបអនុស្សាវរីយ៍ជាមួយ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភាទាំង១២៥រូប មុនពេលព្រះអង្គស្ដេចយាងនិវត្តន៍ទៅកាន់ព្រះបរមរាជវាំងវិញ។បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ រួចមក នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ដដែលនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិករដ្ឋសភា ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលមានអាយុច្រើនជាងគេ ដោយមានបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ ដែលមានអាយុតិចជាងគេចំនួន៥រូបជាជំនួយការ ក៏បានបន្តដឹកនាំបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដោយបានធ្វើការអនុម័តធ្វើការអនុម័តលើរបៀបវារៈចំនួន២ គឺទី ១ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងទី២-ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៧។ គួរបញ្ជាក់ដែរថា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នាព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ នេះដែរ ក៏មានការយាង និងអញ្ជើញចូលរួម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ន សំអន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងសមាជិក សមាជិការដ្ឋសភាអាណត្តិ ទី៧ ចំនួន១២៥រូប ព្រមទាំង ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ជាច្រើនរូបទៀត។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយចំនួន ១៨ បានចូលរួមប្រកួតប្រជែង មានតែគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ ទទួលបានការគាំទ្រនិងទទួលបានអាសនៈនៅក្នុងសភាគឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥អាសនៈ៕AKP
Post a Comment