ក្នុងជំនួបរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជាមួយលោកឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម ស្បៀងនិងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា។ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលសម្រាប់បម្រើឱ្យការនាំចេញ។
 |
|
នៅក្នុងជំនួបនេះលោកឆុង វ៉ាងគឺន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត និងបានសម្តែងនូវការអបអរសាទរដល់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំង២ទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំង២ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។លោកក៏បានកត់សម្គាល់ផងដែរអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រជាសាស្រ្ត និងជាពិសេស ការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មានវឌ្ឍនភាពល្អប្រសើរ នាពេលអនាគតខាងមុខ។ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឆុង វ៉ាងគឺន និងបានសម្តែងនូវអំណរគុណចំពោះឯកឧត្តមនិងជាពិសេសលោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលបានផ្ញើលិខិតអបអរសាទរចំពោះការណ៍ដែល ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃនីតិកាលទី ៧ នៃរដ្ឋសភា។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានអរគុណចំពោះភាគីកូរ៉េ ដែលតែងផ្តល់ការគាំទ្រ និងយកអាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារ ដែលផ្តល់សេវាគាំពារដល់កម្មករគ្រប់ប្រទេសដោយរាប់ទាំងពលករកម្ពុជាផងដែរ។ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញផងដែរអំពីជំហរគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។ទន្ទឹមនេះ ភាគីទាំង២ក៏បានឯកភាព ក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយលោកឆុង វ៉ាងគឺន មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំជាប្រវត្តិសាស្រ្តរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ។ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានសំដែងនូវអំណរគុណចំពោះប្រធានាធិបតីកូរ៉េ ដែលបានផ្ញើលិខិតអបអរសាទរ និងបានជូនពរ លោក ឆុង វ៉ាងគឺន សូមទទួលបានជោគជ័យផ្លែផ្កា ក្នុងដំណើរទស្សនកិច្ចនេះ និង ជូនពរឱ្យការវិលត្រឡប់ទៅវិញ ប្រកបដោយសុវត្ថិភាព៕AKP
Post a Comment