ចិនកូរ៉េ​ខា​ង​ជើងនិងប្រទេ​សក្នុងអា​ស៊ានអបអ​​រឯកឧត្តមហ៊ុន ម៉ា​ណែត​ក្លាយជានា​យ​ករដ្ឋមន្ត្រី

 យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ជាង​១០​ហើយបាន​ផ្ញើ​នូវ​លិខិត​អបអរ​ជា​ផ្លូវការ​ជូន​ដល់​លោក​ហ៊ុន ម៉ាណែត ​ដែល​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​អាណត្តិទី​៧​។ជា​ការ​កត់​សម្គាល់ពី​តុល្យកាល​នៃ​ប្រទេស​ទាំង​នោះ ​គឺ​មាន​ ចិន​ កូរ៉េខាងជើង​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ ខណៈ​ដែល​អាមេរិក​និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ នៅ​មិន​ឃើញ​លិខិត​អបអរ​ផ្លូវការ​ណាមួយ​បាន​បញ្ចេញ​ដោយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​នៅ​ឡើយ​។ផ្តើមចេញពីចិន គឺលោកនាយករដ្ឋមន្ត្រី លី ឈាង បានផ្ញើនូវលិខិតអបអរដល់ឯកឧត្តមហ៊ុន ម៉ាណែតកូនប្រុសរបស់សម្តេចហ៊ុនសែនដែលបានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលកម្ពុជា។ បើតាមលិខិតនៅថ្ងៃទី២២សីហា ភ្លាមៗក្រោយការអនុម័តរបស់សភាគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី គឺ រដ្ឋាភិបាលចិននឹងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការសម្លឹងទៅការពង្រឹងមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិកាន់តែស៊ីជម្រៅ និងរួមគ្នាកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ ចិននិងកម្ពុជា។រីឯប្រទេសកូរ៉េខាងជើង តាមរយៈនាយករដ្ឋមន្ត្រី គឺលោក គីម តុកហ៊ុន ក៏បានផ្ញើលិខិតអបអរឯកឧត្តមហ៊ុន ម៉ាណែត ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជានេះដែរ។ជាលិខិតដែលធ្វើឡើងតាំងពីថ្ងៃទី៨សីហា និងទើបតែបញ្ចេញជាសាធារណៈដោយឯកឧត្តមហ៊ុន ម៉ាណែត កាលពីម្សិលមិញ បានឲ្យដឹងថា ការតែងតាំងឯកឧត្តមហ៊ុន ម៉ាណែតធ្វើជានាយករដ្ឋមន្រ្តីពេលនេះគឺជាការបង្ហាញពីទំនុកចិត្តយ៉ាងជ្រាលជ្រៅរបស់ពលរដ្ឋខ្មែរ ទៅលើឯកឧត្តមហ៊ុន ម៉ាណែត។ លិខិតរបស់តំណាងប្រទេសកុម្មុនីយ៍មួយនេះ បញ្ជាក់ថា ខ្លួនសូមបង្ហាញនូវការជឿជាក់ថាទំនាក់ទំនងរវាងកម្ពុជា-កូរ៉េខាងជើង នឹងបន្តពង្រឹង និងអភិវឌ្ឍ ដើម្បីផលប្រយោជន៍ប្រជាជនទាំង២។

ឯកឧត្តមហ៊ុន ម៉ាណែត នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​សីហា។ រូបថត៖Reuters
ដោយឡែកនៅក្នុងក្របខណ្ឌអាស៊ាន មានប្រទេសចំនួន៥ ដែលបានជូនពរឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្នុងនោះមានលិខិតរបស់លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី លិខិតលោក ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្ត្រីថៃ និងលិខិតរបស់មេដឹនាំព្រុយណេទីម័រខាងកើត និងភូមា។ ភូមា ដែលជាលិខិតរបស់មេដឹកនាំយោធា លោក មីន អ៊ុងឡាង បានបញ្ជាក់ថា ខ្លួនសូមអបអរការតែងតាំងឯកឧត្តមហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ តាមរយៈលិខិតដែលផ្ញើមកតាំងពីថ្ងៃទី៧សីហា និងទើបបញ្ចេញជាសាធារណៈដោយឯកឧត្តម ហ៊ុន ម៉ាណែត ដែរនោះ គឺមេដឹកនាំយោធាភូមា ជឿជាក់ថា ការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នឹងធ្វើកិច្ចសហប្រតិបត្តិរវាងប្រទេសទាំង២កាន់តែមានភាពរីកចម្រើនបន្ថែមទៀត។គួរកត់សម្គាល់ថា លិខិតអបអរនៃបណ្តាប្រទេសជាច្រើន ត្រូវបានឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញជាសាធារណៈ នៅក្រោយពេលដែលឯកឧត្តមត្រូវបានតែងតាំងជាផ្លូវការ ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧។លិខិតនៃបណ្តាប្រទេសផ្សេងទៀត មានដូចជា ជប៉ុន ហ្កាណា ម៉ាល់ឌីវ ទុយនេស៊ី បេឡារុស គុយបា បង់ក្លាដេសជាដើម។យ៉ាងណាមិញគេមិនទាន់ឃើញឡើយនូវលិខិតអបអរឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតចេញពីបណ្តាប្រទេសលោកខាងលិច ដែលនិយមប្រជាធិបតេយ្យ តួយ៉ាងដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងបណ្តាសហគមន៍អឺរ៉ុប ខណៈដែលប្រទេសទាំងនោះ ធ្លាប់បានរិះគន់ការបោះឆ្នោតកន្លងទៅនេះ ថាមិនសេរី និងយុត្តិធម៌។ នៅក្នុងអឺរ៉ុប គឺមានតែប្រទេសហុងគ្រី ប៉ុណ្ណោះ ដែលទើបផ្ញើលិខិតអបអរជូនឯកឧត្តមហ៊ុន ម៉ាណែត ក្នុងតំណែងកំពូលរបស់រដ្ឋាភិបាលកម្ពុជាពេលនេះ៕RFI


Powered by Blogger.