សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមសម្រាប់ការគាំទ្រឥតងាករេចំពោះការអភិវឌ្ឍជាតិរបស់កម្ពុជានិងបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាដ៏មុះមុតរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សនិងបក្សរដ្ឋាភិបាលនិងរដ្ឋាភិបាល និងប្រជាជន និងប្រជាជនរបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិទាំង២។ នេះបើតាមលិខិតរបស់សម្ដេចហ៊ុន សែន ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ផ្ញើជូន ឯកឧត្ដមង្វៀន ហ៊ូចុង អគ្គលេខាធិការមជ្ឈិមបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
 |
| រូបឯកសារសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ង្វៀន ហ៊ូចុង ដែលត្រូវបានជ្រើសតាំងសារជាថ្មីជាអគ្គលេខាធិការមជ្ឈិមបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃទី៣១ ខែមករាម្សិលមិញ(រស្មីកម្ពុជា) |
ក្នុងសារលិខិត សម្ដេចហ៊ុន សែន បានថ្លែង តាងនាមឱ្យគណបក្សប្រជាជនកម្ពុជានិងក្នុងនាមសម្ដេចផ្ទាល់សម្ដេចសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងដោយស្មោះស្ម័គ្រចំពោះសារអបអរសាទរយ៉ាងកក់ក្ដៅរបស់ឯកឧត្តម សម្រាប់ក្នុងឱកាស ជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចតេជោក៏មានសេចក្តីរីករាយយ៉ាងខ្លាំងដែលទំនាក់ទំនងដ៏ស្និទ្ធស្នាល និងយូរអង្វែងព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើងត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនៅគ្រប់វិស័យ និងគ្រប់កម្រិត ក្រោមស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ក្នុងន័យនេះ សម្ដេចក៏សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមសម្រាប់ការគាំទ្រឥតងាករេចំពោះការអភិវឌ្ឍជាតិរបស់កម្ពុជា និងសូមបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាដ៏មុះមុតរបស់កម្ពុជាក្នុងការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សនិងបក្ស រដ្ឋាភិបាលនិងរដ្ឋាភិបាល និងប្រជាជន និងប្រជាជនរបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិយើងទាំង២។ សម្ដេចនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមដើម្បីលើកកម្ពស់ទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់យើងឱ្យឈានដល់កម្រិតថ្មីមួយទៀត។ដោយឡែកក្នុងលិខិតផ្ញើជូន សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ង្វៀន ហ៊ូចុងអគ្គលេខាធិការមជ្ឈិមបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះការបោះឆ្នោតរដ្ឋសភានីតិកាលទី៧ អាណត្តិ ២០២៣-២០២៨ របស់កម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទទួលបានជោគជ័យត្រចះត្រចង់។ជាមួយស្មារតីសម្ដេចដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ តាងនាមគណៈកម្មាធិការមជ្ឈិមបក្សកម្មុនីស្តវៀតណាម ឯកឧត្ដមសូមគោរពផ្ញើជូនគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នូវមនោសញ្ចេតនាដ៏ជិតស្និត និងសូមអបអរសាទរគណបក្សប្រជាជនកម្ពុជាដែលបានទទួលជ័យជំនះយ៉ាងធំធេង ក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៧។ ឯកឧត្ដមបានលើកឡើងថាលទ្ធផលនៃការបោះឆ្នោតនេះ ជាថ្មីម្តងទៀតបានបញ្ជាក់ពីតួនាទី និងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ។យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពប្រសើរឡើងនៃលទ្ធផលសម្រេចបាន រួមជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបនិងការគាំទ្រដ៏លើសលុបពីសំណាក់ប្រជាជនកម្ពុជា រដ្ឋសភា និង រដ្ឋាភិបាលថ្មីនៅកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងត្រូវបានបង្កើតឡើងក្នុងពេលដ៏ឆាប់ហើយបន្តសម្រេចបានសមិទ្ធផលថ្មីៗនិងធំធេងបន្ថែមទៀតក្នុងបុព្វហេតុការពារកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព។ឯកឧត្ដម ង្វៀន ហ៊ូចុង ក៏បានបញ្ជាក់បន្ថែមថា៖ «យើងខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងធ្វើអស់ពីកម្លាំងកាយចិត្តរួមជាមួយកម្ពុជាថែរក្សា ពូនជ្រំ និងផ្តល់ទៅឱ្យអ្នកជំនាន់ក្រោយនូវទំនាក់ទំនងដ៏ល្អ ប្រសើររវាងបក្សទាំង២រដ្ឋទាំង២និងប្រជាជននៃប្រទេសយើងទាំង២។ សូមជូនពរឱ្យទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាម-កម្ពុជា ស្រស់បំព្រងជានិច្ចនិរន្តរ៍ និងរឹងមាំជាអមតៈ»៕AKP
Post a Comment