អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(HRW)នៅថ្ងៃសុក្រទី២៥សីហានេះ បានស្នើឲ្យអាជ្ញាធរថៃបើកការស៊ើបអង្កេតភ្លាមៗនិងដោយឥតលំអៀង លើករណីសកម្មជននយោបាយកម្ពុជាលោកផន ផាន់ណា ដែលរងការលួចធ្វើអំពើហិង្សាកាលពីថ្ងៃទី២២ខែសីហា ក្នុងខេត្ត រ៉ាយ៉ង។
 |
រូបឯកសារ៖ រូបថតផ្សាយលើទំព័រហ្វសប៊ុកផ្ទាល់ខ្លួនរបស់សកម្មជននយោបាយខ្មែរ លោក ផន ផាន់ណា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។លោកកំពុងភៀសខ្លួនរស់នៅប្រទេសថៃ។ (Phorn Phana / Facebook) |
HRWបានស្នើឲ្យរដ្ឋាភិបាលថ្មីរបស់ថៃធានាទប់ស្កាត់អំពើហិង្សាប្រកបដោយចរិតនយោបាយលើជនភៀសខ្លួននិងការពារពួកគេពីការបញ្ជូនត្រឡប់មកប្រទេសដើមវិញ ប្រកបដោយហានិភ័យ។យោងតាមអត្ថបទព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(HRW) បានលើកសំណើទៅអាជ្ញាធរថៃឲ្យបើកការស៊ើបអង្កេតជាបន្ទាន់និងដោយឥតលំអៀងលើករណីវាយប្រហារលើលោកផន ផាន់ណា សកម្មជននយោបាយកម្ពុជាមួយរូបកាលពីថ្ងៃទី២២ខែសីហាថ្មីៗ នេះ ក្នុងខេត្តរ៉ាយ៉ងប្រទេសថៃ។ យោងតាមHRW លោកផនផាន់ណា រងការវាយតប់ពីបុគ្គលនិយាយភាសាខ្មែរចំនួន៣នាក់បណ្ដាលឲ្យមានរបួសលើមុខនិងទ្រូង។លោកស្រីElaine Pearson នាយកប្រចាំតំបន់អាស៊ីនៃHRWបានថ្លែងថា រដ្ឋាភិបាលថៃ មានកាតព្វកិច្ចក្នុងការការពារសិទ្ធិគ្រប់បុគ្គលដែលជ្រកកោនក្នុងប្រទេសថៃ រួមទាំងជនភៀសខ្លួន។ លោកស្រីបន្ថែមថា«អាជ្ញាធរថៃ គួរបើកការស៊ើបអង្កេតជាបន្ទាន់ លើករណីវាយប្រហារលើលោកផន ផាន់ណានិងចាត់រាល់វិធានការដើម្បីការពារសុវត្ថិភាពរបស់សកម្មជននយោបាយរូបនេះ»។សកម្មជននយោបាយលោកផន ផាន់ណា បានប្រាប់HRWថា កន្លងមកជនបង្កបានតាមឃ្លាំមើលនិងតាមដានលោកនៅក្បែរៗកន្លែងដែលលោកធ្វើការ ព្រមទាំងបានថតរូបលោកពីរថយន្តរបស់ពួកគេផងដែរ។ មិនតែប៉ុណ្ណោះ សកម្មភាពវាយតប់មកលើលោកនេះ ត្រូវបានថតបានដោយកាមេរ៉ាសុវត្ថិភាពរបស់ហាងដែលនៅក្បែរកន្លែងកើតហេតុ និងមានសាក្សីប្រមាណ១០នាក់ បានឃើញហេតុការណ៍នេះផ្ទាល់។យ៉ាងណាមិញ លោកសុខ ឥសានបានថ្លែងប្រាប់សារព័ត៌មានVOAថា ករណីនេះមិនពាក់ព័ន្ធនឹងគណបក្សកាន់អំណាចឡើយដោយលោកចាត់ទុកថា ជាការប្រឌិតរបស់អ្នកដែលមាននិន្នាការប្រឆាំង ដើម្បីអាចទៅរស់នៅប្រទេសទី៣។នៅចំពោះមុខនេះ លោកស្រីElaine Pearson បានលើកឡើងថា រដ្ឋាភិបាលថ្មីរបស់ថៃ ត្រូវធានាពីការស្វះស្វែងរកការទប់ស្កាត់នូវរាល់អំពើហិង្សាដែលមានចរិតនយោបាយមកលើជនភៀសខ្លួនព្រមទាំងទប់ស្កាត់មិនបញ្ជូនពួកគេត្រឡប់មកប្រទេសដើមវិញ ដោយខុសឆ្គងនោះទេ។ លោកស្រីElaine Pearson បន្តថា«ថៃគួរតែជាកន្លែងដែលអ្នករត់ភៀសខ្លួនអាចរស់នៅដោយមិនមានការភ័យខ្លាច»។គួរជម្រាបថា ការវាយប្រហារលើលោកផន ផាន់ណានេះ គឺជាករណីចុងក្រោយមួយនៅក្នុងចំណោមករណីវាយប្រហារមួយចំនួនទៀត ទៅលើសមាជិកគណបក្សនយោបាយប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាលកម្ពុជា ក្នុងប្រទេសថៃ។ អំឡុងប៉ុន្មានឆ្នាំថ្មី!នេះ អាជ្ញាធរថៃ បានចាប់ឃាត់ខ្លួនជនភៀសខ្លួនប្រឆាំងកម្ពុជាជាច្រើននាក់ ព្រមទាំងបានបញ្ជូនពួកគេត្រឡប់មកកម្ពុជាដែលក្នុងមួយចំនួនបានប្រឈមមនឹងការចាប់ខ្លួននិងការកាត់ទោស។នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW)។សូមបញ្ជាក់ថា លោក ផន ផាន់ណា ត្រូវបានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានទទួលស្គាល់ថាជាជនភៀសខ្លួន មានសិទ្ធិជ្រកកោនក្នងប្រទេសថៃក្រោយបានរត់គេចខ្លួនពីការចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២២។ ពីប្រទេសថៃ លោកបានកាន់ទំព័រហ្វ៊េសប៊ុក ចំនួន៣ មានតាមដានជិតកន្លះលាននាក់ ដើម្បីថ្លែងមតិប្រឆាំងរិះគន់ប្រឆាំងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានផ្ដល់ការគាំទ្រដល់សកម្មជននយោបាយកម្ពុជាផ្សេងៗទៀតផងដែរ៕RFI
Post a Comment