លោក​នេត សាវឿន​នឹងឡើង​ជា​​នាយក​រដ្ឋមន្ត្រី​ស្តីទី​ពេ​ល​អវត្តមាន​នា​យក​រដ្ឋមន្ត្រី

 គណៈ​រដ្ឋមន្ត្រី​ថ្មីដែល​ដឹកនាំ​ដោយ​ឯកឧត្តមនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ នឹង​ដឹកនាំ​កិច្ច​ប្រជុំ​ពេញអង្គ​ដំបូង​នៅថ្ងៃ​ទី​២៤ ​ខែ​សីហា ​ឆ្នាំ​២០២៣​ខាងមុខ​ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​។ក៏ប៉ុន្តែ​២ថ្ងៃ​មុន​កិច្ច​ប្រជុំ​នេះ ​គណៈរដ្ឋមន្ត្រី​ថ្មី​បាន​បែង​ចែក​ការងារ​និង​ការ​ទទួល​ខុសត្រូវ​របស់​សមាជិក​រដ្ឋាភិបាល ​ដែល​ក្នុងនោះ​មាន​ឧបនាយក​រដ្ឋមន្ត្រី ​និង​ទេស​រដ្ឋមន្ត្រី ​ខណៈ​រដ្ឋមន្ត្រី​មាន​ក្រសួង​ទទួល​ខុសត្រូវ​រៀង​ៗ​ខ្លួន​។

មុននឹងឈានចូល​ដល់កិច្ច​ប្រជុំ​ពេញអង្គ​ជាលើក​ដំបូង​នៅថ្ងៃសុក្រ​ខាងមុខ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានចេញ​សេចក្តី​សម្រេច​កំណត់​របៀបរបប​ការងារ ​និង​បែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ជាមុន​ ដោយលោក ​នេត សាវឿន ​ដែលជា​ឧបនាយក​រដ្ឋមន្ត្រី​ត្រូវទទួលបន្ទុក​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ពេល​អវត្តមាន​នាយក​រដ្ឋមន្ត្រីនិង​ជួយ​នាយក​រដ្ឋមន្ត្រី​លើ​វិស័យ​សន្តិសុខ​ជាតិ​។ចំណុច​នេះ ត្រូវគេ​នឹកឃើញ​ថា​សម្តេចស ខេង​បានក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​នៅពេល​អវត្តមាន​នាយក​រដ្ឋមន្ត្រី​នៅក្នុង​អាណត្តិ​ចាស់​។ បន្ថែមពីនេះ ​លោក ​អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយក​រដ្ឋមន្ត្រី ​ក៏ត្រូវ​ទទួល​បន្ទុក​ជានាយក​រដ្ឋមន្ត្រី​ស្តីទី​ដែរ នៅពេល​នាយក​រដ្ឋមន្ត្រី ​និង​លោក ​នេត សាវឿន ​អវត្តមាន​។នេះបើតាមសេចក្តីសម្រេចដែលចុះហត្ថលេខា​ដោយឯកឧត្តមហ៊ុន ម៉ាណែត​។លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល ​ដែល​មិនមាន​កាន់​ក្រសួង​នោះ ​ក៏ត្រូវ​មាន​តួនាទី​សំខាន់​ជួយនាយក​រដ្ឋមន្ត្រី​លើផ្នែក​វិនិយោគ ​ទទួលបន្ទុក​ជា​សហប្រធាន​ខាង​ភាគី​កម្ពុជា​នៃគណៈកម្មាធិការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-​ចិន ​និង​ការងារមួយចំនួន​ទៀត​។ ក្រៅពីនេះ ​ឧបនាយក​រដ្ឋមន្ត្រី​ចំនួន​៧រូបទៀត ​មានលោក​ ហង់ជួន ណារ៉ុន​ លោក សាយ សំអាល់​ លោក ​ស សុខា​ លោក ទៀ សីហា​ លោក ​កើត រិទ្ធ ​លោក ​សុខ ចិន្តាសោភា ​និង​លោក ​វង្សី វិស្សុត​ ក៏មាន​ភារកិច្ច​ជួយ​នាយក​រដ្ឋមន្ត្រី​តាមវិស័យ ​ដែលឧបនាយក​រដ្ឋមន្ត្រី​ទាំងអស់​នេះ ដឹកនាំ​ក្រសួង​រៀង​ៗ​ខ្លួន​។សេចក្តី​សម្រេច​ក៏បាន​បញ្ជាក់ដែរ​ថា​ឧបនាយក​រដ្ឋមន្ត្រី​មួយរូប​ៗ ​អាចមាន​ទីប្រឹក្សា​៤​រូប ​និង​ជំនួយការ​៥​រូប ដែលមាន​ឋានៈស្មើ​ចាប់ពី​រដ្ឋលេខាធិការ​រហូតដល់​ប្រធាន​នាយកដ្ឋាន​។ដោយឡែក ​ចំពោះ​ទេសរដ្ឋមន្ត្រី​២១​រូប​វិញ ​រដ្ឋមន្រ្តី​ជាន់ខ្ពស់​ទាំងអស់​នេះ ​ក៏ត្រូវ​មាន​ភារកិច្ច​ជួយ​ដល់​កិច្ចការ​នាយក​រដ្ឋមន្ត្រី​លើវិស័យ​ផ្សេង​ៗ​គ្នា ទៅតាម​ជំនាញ ​និង​បទពិសោធន៍​ដែល​ធ្លាប់ធ្វើ​កន្លង​មក​៕RFI

Powered by Blogger.