ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ដែលត្រូវបានសមាជិកគណៈកម្មាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបោះឆ្នោតផ្តល់កសេចក្តីទុកចិត្តជាប្រធានសហព័ន្ធបានប្តេជ្ញាយ៉ាងមោះមុត ក្នុងការបន្តដឹកនាំសហព័ន្ធបាល់ទះកម្ពុជាឱ្យបានកាន់តែប្រសើរឡើងនិងចូលខ្លួនក្នុងឆាកអន្តរជាតិ ទាំងការបណ្ដុះបណ្ដាលធនធានមនុស្សអាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស យុវជនថ្នាល ការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។
 |
|
នេះជាការប្តេជ្ញាចិត្តរបស់ឯកឧត្តមក្នុងឱកាសសន្និបាតវិសាមញ្ញរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៦ នៅកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដោយឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបន្តជួយជ្រោមជ្រែង ក្នុងនាមជាប្រធានកិត្តិយស ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាអនុប្រធានសហព័ន្ធអាណត្តិចាស់ទទួលបានការគាំទ្រជាប្រធានសហព័ន្ធ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញចំណាប់អារម្មណ៍ និងការតាំងចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណដែលអង្គពិធីទាំងមូល បានផ្ដល់ទំនុកចិត្ត និងផ្តល់ឱកាសឱ្យរូបខ្ញុំដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្រាប់អាណត្តិថ្មី ប៉ុន្តែទន្ទឹមនឹងតួនាទីថ្មីនេះ គឺជាការបន្ថែមអម្រែកមួយផ្នែក និងមួយផ្នែកទៀត ជាការទទួលខុសត្រូវ ដើម្បីបាល់ទះកម្ពុជារបស់យើង ឱ្យបានស្មើមុខស្មើមាត់លើឆាកអន្តរជាតិ»។ ឯកឧត្តមប្រធានសហព័ន្ធក៏ប្តេជ្ញារួមគ្នាខិតខំប្រឹងប្រែងបំពេញការងារបន្តមួយចំនួនដូចជា ការបណ្តុះបណ្ដាលធនធានមនុស្ស ទាំងធនធានកីឡាករគ្រប់កម្រិត ទាំងធនធានគ្រូបង្វឹអាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស ដើម្បីដើរឱ្យទាន់បរិបទរបស់អន្តរជាតិ ពេលបច្ចុប្បន្ន។ឯកឧត្តមអភិសន្តិបណ្ឌិតបានលើកឡើងថា នឹងបង្កើតសកម្មភាពប្រកួតឱ្យកាន់តែផុលផុស ទាំងការប្រកួតកម្រិតក្លឹប និងក្រុមជម្រើសជាតិ ស្របតាមការគាំទ្ររបស់មហាជន នាពេលបច្ចុប្បន្ន។ សិក្សាពិនិត្យលទ្ធភាពពង្រឹងសមាគមតាមបណ្ដាខេត្ដ ក្លឹប ឱ្យបានរឹងមាំ រួមទាំង ការកសាងហេដ្ឋរចនាសម្ព័ន្ធឱ្យបានល្អប្រសើរ។ ទន្ទឹមនេះ ធ្វើការជាមួយសហព័ន្ធបាល់ទះតំបន់អាស៊ាន អាស៊ី និងអន្តរជាតិ ដើម្បីយកឱកាសនាំកម្ពុជាចូលខ្លួនទៅកាន់ថ្នាក់តំបន់និងអន្តរជាតិ មិនថាបញ្ជូនក្រុមទៅប្រកួត ឬក៏បញ្ជូនមន្រ្តី ទៅរៀបចំដឹកនាំការប្រកួតជាដើម។ លើសពីនេះទៀត ខិតខំប្រឹងប្រែងចូលរួមការប្រកួតលើឆាកអន្តរជាតិឱ្យបានច្រើន ដើម្បីនាំមេដាយ ពានរង្វាន់ និងកិត្យានុភាពឱ្យកម្ពុជា ជាបន្តបន្ទាប់ នាពេលខាងមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជាបានផ្តល់អនុសាសន៍ថា តាមរយៈសកម្មភាពប្រកួតលើឆាកអន្តរជាតិរបស់ក្រុមបាល់ទះបុរសកម្ពុជា មិនថាការប្រកួតមិត្តភាព ឬប្រកួតដណ្តើមពានរង្វាន់នោះទេ យើងទទួលបាននូវការគាំទ្រ និងការសាទរពីមហាជនគ្រប់ស្រទាប់វណ្ណៈ ជាមួយគ្នានោះដែរ យើងក៏ទទួលបានអនុសាសន៍ និងការលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ដថា ទាំងនេះជាកម្លាំងចិត្តដ៏សំខាន់ដល់យើងទាំងអស់គ្នាជាមន្រ្តីគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ខិតខំពង្រឹងខ្លួនបន្ថែមទៀត ដើម្បីដើរអោយស្របតាមតម្រូវការ និងបទដ្ឋានអន្តរជាតិ នាពេលបច្ចុប្បន្ន។ ឯកឧត្តមប្រធានកិត្តិយសសហព័ន្ធបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមអបអរសាទរដល់ក្រុមបាល់ទះបុរសកម្ពុជាអាចបង្ហាញខ្លួនឡើងវិញក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នាខែកញ្ញាដល់ខែតុលា ឆ្នាំ២០២៣ នៅប្រទេសចិន ក្រោយខកខានអស់រយៈពេល ៥៣ឆ្នាំ ដោយការចូលរួមចុងក្រោយរបស់យើងនៅឆ្នាំ១៩៧០ ធ្វើឡើងនៅរាជធានីបាងកក ប្រទេសថៃ ហើយក្រុមកម្ពុជាកាលនោះ ឈ្នះចំណាត់ថ្នាក់លេខ៤ ដែលតាំងពីនោះមក ស្រុកទេសយើង មានជម្លោះផ្ទៃក្នុង និងសង្រ្គាមរុំារ៉ៃ ធ្វើឱ្យបាត់បង់ធនធានមនុស្ស នាំឱ្យខកខានចូលរួមមកទល់បច្ចុប្បន្ន»។ បន្ថែមពីលើនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានផ្តល់អនុសាសន៍មួយចំនួនដូចជា សូមឱ្យមន្រ្តីរបស់សហព័ន្ធ ក៏ដូចជាភាគីពាក់ព័ន្ធទទួលយករចនាសម្ព័ន្ធថ្មីរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាហើយអ្នកដែលមានឈ្មោះ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីនាំបាល់ទះកម្ពុជាបន្តទទួលបានគាំទ្របន្ថែមទៀត និងឆ្ពោះទៅកាន់ឆាកអន្តរជាតិ ទាំងក្នុងតំបន់ និងពិភពលោក។ សូមចូលរួមបណ្តុះបណ្ដាលយុវជនថ្នាលគ្រប់កម្រិត បើកវគ្គគ្រូបង្វឹក អាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស ដើម្បីពង្រឹងធនធានកីឡាបាល់ទះក្នុងស្រុកឱ្យបានច្រើន។សូមបន្តក្រៀងគរ អ្នកឧបត្ថម្ភទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីផ្គត់ផ្គង់ និងដំណើរការដល់សហព័ន្ធឱ្យដំណើរការទៅដោយរលូន។ ត្រូវធ្វើការទំនាក់ទំនងជាមួយទាំងខាងសហព័ន្ធអាស៊ាន អាស៊ី និងអន្តរជាតិ ជាប្រចាំដើម្បីបានដឹងពីកាលវិភាគ ឬការវិវត្តន៍ថ្មី សម្រាប់ចូលខ្លួនក្នុងឆាកអន្តរជាតិ។គួរបញ្ជាក់ថា រចនាសម្ព័ន្ធថ្មី នៃថ្នាក់ដឹកសហព័ន្ធ ដែលត្រូវបន្ដបេសកម្មពីឯកឧត្តមសន្ដិបណ្ឌិត រួមមានឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានបោះឆ្នោតគាំទ្រជាប្រធានសហព័ន្ធថ្មី និងមានឯកឧត្តម ស ថេត ជាអនុប្រធានអចិន្ដ្រៃយ៍, ឯកត្តម ប៊ូ ជុំសេរី, ឯកឧត្តម ឌី វិជ្ជា, ឯកឧត្តម ឡោ សុឡេង, ឯកឧត្តម ជួន ណារិន, ឯកឧត្តម ស រដ្ឋា, ឯកឧត្តម អ៊ូ វណ្ណា និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ គឺជាអនុប្រធាន ព្រមទាំងសមាជិក ៣៦រូបផ្សេងទៀត៕AKP


Post a Comment